ឯកឧត្តមបណ្ឌិត សុខ ទូច លើកឡើងថា ចិននិងកម្ពុជា គឺជាមិត្តល្អ និងជាបងប្អូនល្អ ហើយយុវជនបានបំពេញបេសកកម្មដ៏សំខាន់ ក្នុងការបន្ត និងអភិវឌ្ឍមិត្តភាពប្រទេសទាំងពីរ


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសចិននិងប្រទេសកម្ពុជា គឺជាមិត្តល្អ និងជាបងប្អូនល្អ ហើយយុវជនប្រទេសទាំងពីរ បានបំពេញបេសកកម្មដ៏សំខាន់ ក្នុងការបន្ត និងអភិវឌ្ឍមិត្តភាពរបស់កម្ពុជា-ចិន។

ការលើកឡើងបែបនេះរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ​ក្នុង «កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការនៃផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន ព្រម ព្រមទាំងថ្នាក់ដឹងនាំជាន់ខ្ពង់ លោកគ្រូ អ្នកគ្រូ និងនិស្សិតខ្មែរ-ចិន ជាច្រើនរូប។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ដថា នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ព្រោះកិច្ចសន្ទនានេះមិនត្រឹមតែជានិមិត្តរូប នៃទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែរឹតតែជាវេទិកាដ៏សំខាន់សម្រាប់យុវជននៃប្រទេសទាំងពីរ ធ្វើការផ្លាស់ប្តូរគំនិតគ្នាទៅវិញ ទៅមកប្រកបដោយប្រាជ្ញាឈ្លាសវៃ និងកាន់ដៃគ្នាដើរទៅមុខ។ ប្រទេសចិន និងកម្ពុជាត្រូវបានតភ្ជាប់ដោយភ្នំ និងទន្លេ ហើយមានមិត្តភាព ដ៏ជ្រាលជ្រៅ។ តាំងពីបុរាណកាលមក ដូនតារបស់យើងបានបង្កើតទំនាក់ទំនងជិតស្និទ្ធ តាមរយៈការធ្វើពាណិជ្ជកម្មការផ្លាស់ប្តូរវប្បធម៌។ល។ ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់មិត្តភាពកម្ពុជា-ចិន ប្រៀបបាននឹងគុជខ្យងភ្លឺចែងចាំងដោយពន្លឺដ៏វិសេសវិសាល។

ឯកឧត្តមបណ្ឌិតបានបន្ដថា ឆ្នាំនេះជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន និងជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។ នៅដើមឆ្នាំនេះ ក្រោមសក្ខីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងឯកឧត្តម លី ស៊ូឡី រដ្ឋមន្ត្រីក្រសួងឃោសនាការ ប្រទេស ចិន រាជបណ្ឌិត្យសភាកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការបកប្រែ និងបោះពុម្ពសៀវភៅបុរាណចិន និងខ្មែរ» ជាមួយភាគីចិន ក្នុងគោលបំណងសហការក្នុងការបកប្រែ និងបោះពុម្ពសៀវភៅប្រវត្តិសាស្ត្រ និង វប្បធម៌ ជាភាសាខ្មែរ និងចិន។ ក្នុងខែកុម្ភៈ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរបុណ្យចូលឆ្នាំចិននៅកោះពេជ្រ។ ក្នុងខែមីនា រាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិម ចិន ក្នុងការរៀបចំ «ទស្សនៈកម្ពុជាចំពោះការរះឡើងរបស់ចិនក្នុងបណ្តាញ ផ្សព្វផ្សាយសកល»។ ក្នុងខែមេសា បានរៀបចំពិធីពិព័រណ៍គំនូរកម្ពុជា-ចិន។ ក្នុងខែឧសភា បានរៀបចំការប្រកួត «ស្ពានភាសាចិន» ពិភពលោក លើកទី២៣ ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងខែកក្កដា វិទ្យាស្ថានខុងជឺនៃ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាវិទ្យាសាស្ត្រនិងកម្មវិធីផ្លាស់ប្តូរវប្បធម៌ ជាមួយគណៈប្រតិភូមកពីទីក្រុងហុងកុង និងបណ្ឌិត្យសភាវិទ្យាសាស្ត្រនៃសាកល វិទ្យាល័យឈីងហួរ។ បន្ទាប់ពី លោក វ៉ាង វិនពីន ទើបទទួលបន្ទុកជាឯកអគ្គរដ្ឋទូតចិនកាលថ្ងៃទី៥ ខែកក្កដា រាជបណ្ឌិត្យសភាកម្ពុជាបានសហការ ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្នុងការរៀបចំកិច្ចសន្ទនាស្តីពី «យល់ដឹងពីកំណែទម្រង់និងការអភិវឌ្ឍរបស់ប្រទេសចិន ការចែករំលែកកាលានុ វត្តភាពក្នុងយុគសម័យថ្មី នៃទំនាក់ទំនងកម្ពុជា-ចិន»។

ជាពិសេស ក្នុងថ្ងៃនេះយើង បានរួមគ្នារៀបចំ «កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» ដើម្បីពិភាក្សាអំពីការអភិវឌ្ឍនា ពេលអនាគតរបស់យុវជន។ នៅក្នុង ឆមាសទីពីរនៃឆ្នាំនេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធី អបអរសាទរខួបលើកទី១៥ នៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ កម្មវិធីទាំងនេះមិនត្រឹមតែលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការសិក្សាទៅ វិញទៅមករវាងប្រទេសចិន និងកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជំរុញ និងធ្វើឱ្យស៊ី ជម្រៅកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យវប្បធម៌ អប់រំ សិល្បៈ។ ល។ ដែលនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តមប្រធានរាជបណ្ឌិត្យសភា បានបន្ថែមថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អ និងជាបងប្អូនល្អ ហើយយុវជននៃ ប្រទេសទាំងពីរបានបំពេញបេសកកម្មដ៏សំខាន់ ក្នុងការបន្ត និងអភិវឌ្ឍមិត្តភាព ចិន-កម្ពុជា។ យើងរស់នៅក្នុងយុគសម័យសកលភាវូបនីយកម្ម ហើយការអភិវឌ្ឍ យ៉ាងលឿននៃបច្ចេកវិទ្យា បានធ្វើឱ្យពិភពលោកកាន់តែតូចទៅៗ។ យុវជនចិន និង កម្ពុជាគួរតែប្រើប្រាស់ឱ្យបានពេញលេញនូវឱកាសដែលបានផ្តល់ឱ្យយើងក្នុងយុគសម័យនេះ ត្រូវពង្រីកការយល់ដឹងឱ្យបានទូលំទូលាយ និងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។ តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក យើងអាចនឹង រីកចម្រើនជាមួយគ្នា និងរួមចំណែកក្នុងការកសាងសហគមន៍ដែលមានអនាគតរួម គ្នារវាងកម្ពុជានិងចិន។

នៅក្នុងកិច្ចសន្ទនានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានសង្ឃឹមថា អ្នកទាំងអស់គ្នាអាចនិយាយដោយសេរី និងចែករំលែកបទពិសោធន៍ និងការយល់ដឹងរបស់ខ្លួន អាចនិយាយអំពីការច្នៃ ប្រឌិតផ្នែកបច្ចេកវិទ្យា មរតកវប្បធម៌ ការអភិវឌ្ឍសង្គម ឬការការពារបរិស្ថានទេ គ្រប់ប្រធានបទ គឺសក្តិសមសម្រាប់ការពិភាក្សាស៊ីជម្រៅរបស់យើង។ ចូរយើងស្តាប់ សំឡេងគ្នាទៅវិញទៅមក ហើយចិត្តត្រូវបើកទូលាយ និងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាវិជ្ជមាន ជាពិសេសត្រូវធ្វើការជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហា។

ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក៏សង្ឃឹមថា យុវជនចិន និងកម្ពុជា អាចបង្កើនការយល់ដឹង និងរឹតចំណងមិត្តភាព តាមរយៈការផ្លាស់ប្តូរ។ មិត្តភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ទំនងចិន-កម្ពុជា ហើយមិត្តភាពរវាងយុវជនគឺជាអនាគតនៃ មិត្តភាពចិន-កម្ពុជា។ យើងត្រូវចាត់ទុកកិច្ចសន្ទនានេះ ជាឱកាសមួយដើម្បីបង្កើត ទំនាក់ទំនងយូរអង្វែង និងរួមគ្នាបញ្ចូលនូវកម្លាំងរស់រវើកថ្មីទៅក្នុងការអភិវឌ្ឍ មិត្តភាពចិន-កម្ពុជា៕