ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន៤វត្ត នាឱកាសបិណ្ឌវេនទី៥


នៅថ្ងៃទី២២ ខែកញ្ញា ឆ្នា២០២៤ ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៤វត្ត ទី១-វត្តសន្តិមារាម «វត្តអូរច្រា» ទី២-វត្តរតនគិរីសិលារាម «ហៅវត្តបរហ៊ុយ» ទី៣-វត្តធម្មាភិវឌ្ឍន៍ «ហៅវត្តអូររអិល» និងទី៤-វត្តបុព្វារាម «សាលាក្រៅចាស់»

អត្ថន័យ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ជារៀងរាល់ឆ្នាំ ចាប់ពី ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ ហើយពិធី បុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋ ខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅ។

ពិធីបុណ្យ ភ្ជុំបិណ្ឌត្រូវបានចែកចេញជា២គឺ៖

*ទី១៖ ជារយៈពេល នៃការកាន់បិណ្ឌ ចាប់ពីថ្ងៃទី១រោច ខែភទ្របទ រហូត ដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរ តែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ។

*ទី២៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌ ប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នា ដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទាន ចំពោះភិក្ខុសង្ឃ ក្នុងរយៈពេល១៤ថ្ងៃកន្លងមក។

ខ្មែរយើង គឺជាជនជាតិមួយ ដែលមានការដឹងគុណចំពោះបុគ្គលដែលបាន ធ្វើឧបការៈដល់ខ្លួនពោល គឺអ្នកកាន់ព្រះពុទ្ធសាសនា ប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើ មិនជាប់ជាញាតិរបស់ខ្លួន យ៉ាងណាក៏ដោយ ប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ទើបមានការឈានទៅ ធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។

និយាយជារួមមក ពិធីបុណ្យ ភ្ជុំបិណ្ឌនេះ ដូនតាខ្មែរ បានប្រារព្ធធ្វើ ឡើងក្នុងគោលបំណង បង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើតចេះគោរពដឹងគុណ និងមានកតញ្ញូធម៌។ យើងជាជនជាតិខ្មែរ ត្រូវស្គាល់អំពីកំណើត និងការ ដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេនជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានលើកឡើងថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តអនុវត្តខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀតនៅកម្ពុជា ដោយខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ជាពិសេសទប់ស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើងបែកចែករវាងប្រជាជន និងប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដើម្បីសំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីមួយដ៏ខ្លាំងក្លាក្នុងការការពារសុខសន្តិភាព ការឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ផងដែរ ។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះ មានភ្លៀងធ្លាក់ច្រើន ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។

សូមបញ្ជាក់ថា ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការរួមដំណើរ បានធ្វើពិធីរាប់បាត្រ និងវេរនូវទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា ទាំងឡាយប្រគេនដល់ព្រះសង្ឃ នៅវត្តទាំង៤ រួមមាន៖ ទី១-វត្តសន្តិមារាម «វត្តអូរច្រា» ទី២-វត្តរតនគិរីសិលារាម «ហៅវត្តបរហ៊ុយ» ទី៣-វត្តធម្មាភិវឌ្ឍន៍ «ហៅវត្តអូររអិល» និងទី៤-វត្តបុព្វារាម «សាលាក្រៅចាស់» ដោយក្នុងមួយវត្តៗ រួមមាន៖ អង្ករ ៥ការ៉ុង ទឹកសុទ្ធ ១០កេស មី ១០កេស ត្រីខ ១កេស ទឹកដោះគោ ២៥កំប៉ុង តែ ៥គីឡូ ស្កស ៥គីឡូ ស្លាដក ៥ ចង្ហាន់ ១០ចានស្រាក់ និងបច្ច័យ ចំនួន១០ម៉ឺនរៀល៕