រដ្ឋមន្រ្ដី ៣រូប ចុះទៅពិនិត្យទំនប់អាងទឹក ការដាំបន្លែបច្ចេកទេសផ្ទះសំណាញ់ និងផ្លូវជនបទ នៅភូមិសាស្ត្រស្រុកត្រាំកក់ និងស្រុកជុំគិរី


រដ្ឋមន្ត្រី៣រូប មាន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ត ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ និងឯកឧត្ត ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្ដីជំនាញនៃក្រសួងទាំង៣ បានចុះពិនិត្យទីតាំង និងកិច្ចការមួយចំនួននៅភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកជុំគិរី ខេត្តកំពត។

ការចុះពិនិត្យនេះធ្វើឡើងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះឯកឧត្តរដ្ឋមន្ត្រី និងប្រតិភូទាំង៣ក្រសួងបានចុះទៅដល់ទំនប់អាងទឹកអូររំដួល ភូមិត្រពាំងចក និងភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចេកទេសដាំបន្លែផ្ទះសំណាញ់របស់សហគមន៍កសិកម្ម ស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រោយមកក៏បន្តទៅពិនិត្យអាងទឹកអូររំដួល ការដាំដំណាំបន្លែតាមបច្ចេកទេសផ្ទះសំណាញ់ទំនើប និងផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែប្រវែង៣.៣៨៥គីឡូម៉ែត្រ ឆ្លងកាត់ភូមិត្រពាំងស្រងែ និងភូមិអង្គត្នោត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ទទឹង៦ម៉ែត្រ ចិញ្ជើមសងខាង១ម៉ែត្រ សាងសង់លូមូលចំនួន១០កន្លែង ស្លាកសញ្ញាចរាចរណ៍ចំនួន៣៤ស្លាក ដាំបង្គោលសុវត្ថិភាពចរាចរណ៍ចំនួន២៨៧បង្គោល។ ការដ្ឋាននេះបានចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៣ លទ្ធផលសម្រេចបាន៩៤% គ្រោងនឹងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៥។

បន្ទាប់មក ឯកឧត្តរដ្ឋមន្រ្ដីទាំង៣រូប និងប្រតិភូអមដំណើរ បានអញ្ជើញទៅសំណេះសំណាលជាមួយគណៈកម្មការសហគមន៍កម្មសិកសានៅសហគមន៍ត្រពាំងចក ឃុំត្រាំកក់ និងប្រជាពលរដ្ឋនៅទំនប់ទឹកស្ទឹងភេ ស្ថិតនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត និងបានទទួលដោះស្រាយសំណូមពរពីប្រជាពលរដ្ឋ ក្នុងនោះមានវិស័យអភិវឌ្ឍន៍ជនបទ វិស័យកសិកម្ម និងវិស័យធនធានទឹក៕