ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ ប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីទី៨-៩ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះនៅខេត្តបន្ទាយមានជ័យមានសិស្សចូលប្រឡងចំនួន៦,២៣៥នាក់ ស្រី៣,៥៦៩នាក់ មានមណ្ឌលប្រឡងចំនួន៨ មានបន្ទប់សរុបចំនួន១៧៦បន្ទប់។
ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានគណគណៈមេប្រយោគប្រចាំខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម យឹម សំណាង អភិបាលរងខេត្ត លោក ច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យ និងបើកវិញ្ញាសាជូនបេក្ខជននៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ។
ដោយឡែក លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ អាជ្ញាធរដែនដី កងកម្លាំង អ្នកពាក់ព័ន្ធជាច្រើននាក់ ក៏បានចូលរួមបើកវិញ្ញាសាប្រឡង។
លោកប្រធានមន្ទីរ ឈូ ប៊ុនរឿង បានឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យមានសិស្សចូលប្រឡងចំនួន៦,២៣៥នាក់ ស្រី៣,៥៦៩នាក់ មានមណ្ឌលប្រឡងចំនួន៨៖ មណ្ឌលបឋមសិក្សា ហ៊ុន សែន សុភី មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្លាកូន មណ្ឌលសាកលវិទ្យាល័យមានជ័យ មណ្ឌលវិទ្យាល័យសិរីសោភ័ណ មណ្ឌលវិទ្យាល័យសម្ដេចឪ មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រង UME មណ្ឌលវិទ្យាល័យអូអំបិល និងមណ្ឌលអនុវិទ្យាល័យទឹកថ្លា ដោយទាំង៨មណ្ឌលនេះមានបន្ទប់សរុបចំនួន១៧៦បន្ទប់។
លោក ឈូ ប៊ុនរឿង បន្តទៀតថា សិស្សានុសិស្សដែលមានឈ្មោះប្រឡងបានមកប្រឡងគ្រប់គ្នា បេក្ខជន-បេក្ខនារីប្រឡងគោរពម៉ោងបានត្រឹមត្រូវ វិន័យប្រឡងក្នុងនោះសន្តិសុខបានឆែករកព្រីយ៉ុងនិង សំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិចយ៉ាងតឹងរឹងបំផុត តាមបទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថាអ្នកចេះគឺជាប់។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត អ៊ុំរា ត្រី បានលើកទឹកចិត្តដល់បេក្ខជន បេក្ខនារី មកប្រឡងឆ្នាំនេះសូមឲ្យជាប់ទាំងអស់គ្នា ហើយបានផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងទាំងអស់ជាប់និនិទ្ទេស A ឲ្យបានច្រើន ដើម្បីលើកមុខមាត់ដល់ខេត្តបន្ទាយមានរបស់យើងផង។
ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា ក៏ថា អាជ្ញាធរនិងសមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធដែលមានតួនាទីភារកិច្ចយាមកាមក្នុងការប្រឡងនេះត្រូវខិតខំអនុវត្តលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងារបច្ចេកទេសប្រឡងនៅមណ្ឌលសំណេរទាំង៨ ក្នុងខេត្តបន្ទាយមានជ័យបានល្អ រលូន និងជោគជ័យដូចគ្រោងទុក៕