ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តសៀមរាប មានការចូលរួមបើកវិញ្ញាសាពី ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាគណៈអភិបាលខេត្ត នៅតាមមណ្ឌលទាំង១៦ក្នុងក្រុងសៀមរាប។
តាមការបញ្ជាក់របស់មន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡា ខេត្ត បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤នេះ មានចែកចេញជា ១៦មណ្ឌលប្រឡង ស្មើនឹង ៤៣៣បន្ទប់ ដែលមានសិស្សប្រឡងសរុប ១០,៧៣៦នាក់ ស្រី៦,២៥៧នាក់។
មន្រ្តីដដែលបានបន្តថា បេក្ខជនចំណេះទូទៅមានចំនួន ៩,៤៨៥នាក់, ស្រីចំនួន៥,៦៣០នាក់ បេក្ខជនស្វ័យរិនចំណេះទូទៅ ៩៥៩នាក់ ស្រី ៤៨១នាក់, បេក្ខជនបំពេញវិជ្ជា ១៥១នាក់ ស្រី៨០នាក់ ,បេក្ខជនស្វ័យរិនបំពេញវិជ្ជា ១៤១នាក់ ស្រី ៦៦នាក់។ ក្នុងនោះដែរ ថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌល មាន១២៨បន្ទប់ បេក្ខជនចំនួន៣,១៦៤នាក់ ស្រី ១,៩៥០នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន១១មណ្ឌល មាន៣០៥បន្ទប់ មានបេក្ខជនចំនួន ៧,៥៧២នាក់ ស្រីចំនួន ៤,៣០៧ នាក់។ចំពោះវិញ្ញាសារប្រឡង មានចំនួន ១០មុខវិជ្ជា៖ គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យា ភូមិវិទ្យា, ប្រវត្តិវិទ្យា ,ពលរដ្ឋវិទ្យា ,ផែនដីវិទ្យា ,រូបវិទ្យា ,ជីវៈវិទ្យា និងភាសារបរទេស។
ក្នុងឱកាសនេះដែរ ឯកឧត្តម ប្រាក់ សោភ័ណ និងឯកឧត្តមបណ្ឌិត សោម រតនា ព្រមទាំងលោក លោកស្រីក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក៏បានណែនាំ និងផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និងបេក្ខជនទាំងអស់ បានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សា នៅ មធ្យមសិក្សាទុតិយភូមិ និងឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យសកលវិទ្យាល័យផងដែរ។
ម៉្យាងទៀត បេក្ខជនទាំងពីរភេទ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឲ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះ ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។
ឯកឧត្តមបានបន្តថា ការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុក វិស័យអប់រំ ជាវិស័យអាទិភាពចម្បង ក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយ។
សូមបញ្ជាក់ថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង គឺមានការពិនិត្យ ដោយយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគណៈកម្មការមេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ ចំពោះបេក្ខជនចូលប្រឡង ក្រែងមានការលាក់ទុកនូវឯកសារ ត្រូវសហការគ្នាធ្វើការឆែកឆេ និងដកហូតនូវឯកសារទាំងនោះ ដោយមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវឲ្យឯកសារទាំងនោះ ហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ៕