តំណាងទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ អញ្ជើញប្រគល់ផ្ទះ៦ខ្នង គោចិញ្ចឹម និងម៉ាស៊ីនកាត់ដេរ សរុបថវិកាជិត៣ម៉ឺនដុល្លារ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ


នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ម៉ូត យូសុះ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាខេត្តត្បូងឃ្មុំ តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) បានអញ្ជើញប្រគល់ផ្ទះសប្បុរសធម៌ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា និងស្ត្រីមេម៉ាយ ចំនួន៦ខ្នង គោចិញ្ចឹមចំនួន៥ក្បាល និងម៉ាស៊ីនកាត់ដេរ ចំនួន​៣ឈុត សរុបជាថវិកា២៨,៤៣៩ដុល្លារ នៅស្រុកពញាក្រែក និងស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមជួយកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ និងបង្កើតមុខរបរប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។

គម្រោងខាងលើជាគម្រោងហ្សាកាត់ (បរិច្ចាក) របស់អង្គការហាសាណះអន្តរជាតិ សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)។ ក្នុងឱកាសនោះ លោក ម៉ូត យូសុះ បានថ្លែងអំណរអរគុណដល់ អង្គការហាសាណះអន្តរជាតិ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយនានា ជូនប្រជាពលរដ្ឋកម្ពុជា ដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ ។

សូមជម្រាបថា អង្គការអន្តរជាតិហាសាណះ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន តាមរយៈអង្គការ CMDF និងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា(IMAC) មានដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាក(ហ្សាកាត់) ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម សរុបជាថវិកាជាង ២ លានដុល្លារអាមេរិក៕