ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំណាយថវិកាជិត៤ម៉ឺនដុល្លារ បានបើកការដ្ឋានសាងសង់


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី កសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្បែង ស្ថិតក្នុងភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះលោកជំទាវ ឃួន ឃុនឌី បញ្ជាក់ថា ក្នុងថ្ងៃនេះ គឺជាថ្ងៃដ៏ល្អមួយដែលក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ មានកិត្តិយសនិងសេចក្តីអរក្រៃលែងចំពោះសមិទ្ធផលកំពុងតែចាប់ផ្ដើមកសាងនេះ ព្រោះវាជាផ្នែកមួយដែលមានសារៈសំខាន់បំផុត សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានសំរាប់ឲ្យសមាជិកសមាជិកាគណបក្សទាំងអស់ប្រើប្រាស់នៅក្នុងមូលដ្ឋានភូមិឃុំផងដែរ។

លោកជំទាវបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំចាប់ពីថ្នាក់កណ្តាល រហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ភូមិ ហើយមានវ័យចំណាស់ជាងគេ មានបទពិសោធន៍គ្រប់គ្រាន់ និងមានស្នាដៃធំៗជាច្រើនជូនប្រជាជន និងប្រទេសជាតិបានកសាង នឹងកំពុងបន្តកសាងជាបន្តបន្ទាប់។

លោកជំទាវបានថ្លែងអំណរគុណប្រធានក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណបក្សឃុំនិង សប្បុរសជន ដែលបានខិតខំសាមគ្គីគ្នា ក្នុងការកសាងអគារស្នាក់ការគណបក្សថ្មី ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបំពេញការងារជូនគណបក្ស ជាពិសេសបានកសាងអគារថ្មីរបស់ស្នាក់ការគណបក្សនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងាររបស់មន្ត្រីគណបក្ស។

លោកជំទាវ ឃួន ឃុនឌី បានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តដាក់ខ្ពស់ និងបម្រើដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះ។

គួរបញ្ជាក់ថា ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានផ្ទៃដីទំហំ ៦០ ម៉ែត្រ គុណ ៤២ម៉ែត្រ អគារទំហំ ២០.០៧ ម៉ែត្រ គុណ ៨.០១ ម៉ែត្រ កម្ពស់៤.០១ម៉ែត្រមានបន្ទប់ទឹក១ខ្នង៣បន្ទប់ ប្រក់ក្បឿង ក្រាលការ៉ូ សាងសង់ចាប់ពីថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ រហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាអស់ជិត៤ម៉ឺនដុល្លារ៕