រាជរដ្ឋាភិបាលថា របាយការណ៍ខុមហ្វ្រែល មិនឆ្លុះបញ្ចាំងពីទិដ្ឋភាព ជាក់ស្តែងនៅកម្ពុជា


ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ បានចាត់ទុករបាយការណ៍ របស់គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ហៅកាត់ថា ខុមហ្វ្រែលថា មានភាពលំអៀងមិនអព្យាក្រិត ធ្វើរបាយការណ៍ដើម្បី តែវាយប្រហាមកលើ រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
របាយការណ៍របស់ខុមហ្វ្រែល បានបង្ហាញថា បន្ទាប់ពីមានការបោះឆ្នោត រហូតមកដល់ពេលនេះ ប្រជាធិបតេយ្យនៅកម្ពុជា ហាក់បានដើរថយក្រោយ តាមរយៈការបង្ក្រាបដោយអាជ្ញាធរ ការធ្វើទុក្ខបុកម្នេញទៅ លើតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ រាប់ចាប់ពីឯកឧត្តម សម រង្ស៊ី  ឯកឧត្តម កឹម សុខា រួមទាំងលោក ហុង សុខ ហួរជាដើម។ លើសពីនេះ ខុមហ្វ្រែលក៏បាន បង្ហាញពីអំពើពុករលួយ ផ្នែកនយោបាយ និងការប្រើប្រាស់ធនធាន រដ្ឋមិន ត្រឹមត្រូវផងដែរ។
ឆ្លើយតបទៅនិងរបាយការណ៍នេះ មន្រ្តីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងថា របាយការណ៍របស់ខុមហ្វ្រែល គឺគ្មានអ្វីប្លែកនោះទេ គេមិនដែលចេញរបាយករណ៍ ណាមួយសម្រាប់ឲ្យរាជរដ្ឋាភិបាល ទទួលយកបានឡើយ តែរាល់របាយការណ៍ ដែលចេញទាំងអស់តែងតែ បានវាយប្រហាមកលើ រាជរដ្ឋាភិបាលកម្ពុជា។ បើទោះបីជារាជរដ្ឋាភិបាលបានប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីដឹកនាំប្រទេសឲ្យឆ្ពោះទៅរកភាពរីកចម្រើនក៏ដោយ។
ជាមួយគ្នានេះលោកបានចាត់ទុកថា  ជារបាយការណ៍ព្រៃ មានភាពលំអៀងមិនអព្យាក្រឹត្យ ធ្វើរបាយការណ៍ ដើម្បីវាយប្រហាមកលើរាជរដ្ឋាភិបាលប៉ុណ្ណោះ។លើសពីនេះ របាយការន៍នេះ ក៏ធ្វើឡើងដើម្បីជាថ្នូរទៅនិងការទទួលបានជំនួយពីរបរទេស។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា “ ការចាប់ខ្លួនសមាជិកគណបក្សសង្គ្រោះជាតិ ធ្វើឡើងទៅតាមច្បាប់ ហើយប្រជាធិបតេយ្យនៅកម្ពុជា គឺផ្អែកទៅលើមូលដ្ឋានគ្រឹះនៃនីតិរដ្ឋ ហើយបច្ចុប្បន្ននេះ កម្ពុជាបានដើរលើផ្លូវដ៏ត្រឹមត្រូវមួយ ហើយជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញ ហើយបើគ្មានសិទ្ធសេរីភាពពេញលេញក្នុងការបញ្ចេញមតិទេនោះ គឺខុមហ្វ្រែលប្រហែលគ្មានឱកាសបានចេញរបាយការណ៍ដូចសព្វថ្ងៃនេះឡើយ”។
ជាការកត់សំគាលគេសង្កេតឃើញថា មានអង្គការក្រៅរដ្ឋាភិបាលជាតិ ក៏ដូចជាអន្តរជាតិមួយចំនួន តែងបានចេញរបាយការណ៍រិះគន់ រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែយ៉ាងណាក៏ដោយ  រាជរដ្ឋាភិបាលនិងមន្រ្តី ជាន់ខ្ពស់ជាច្រើនរូប កាលពីថ្ងៃទី២៩ មីនា និងព្រឹកថ្ងៃទី៣០ មីនា បានទទួលពាន់រង្វាន់ សន្តិភាព និងការអភិវឌ្ឍន៍ ពីសម្ព័ន្ធសារព័ត៌មានអាស៊ាន។ ដែលនេះជាការឆ្លុះបញ្ចាំង ពីភាពរីកចម្រើន អភិវឌ្ឍ ការគោរពសិទ្ធមនុស្សនៅកម្ពុជា មិនដូចពីជំនាន់ខ្មែរក្រហម មនុស្ស ត្រូវបានគេបំបិទសិទ្ធ សេរីភាពគ្រប់បែបយ៉ាង។ ជាងនេះទៀតនោះ សម្តេចបានក្លាយជា មេដឹកនាំមួយរូប ធ្វើការតស៊ូ រំដោះប្រទេសជាតិ ប្រែក្លាយកម្ពុជា ជាប្រទេសផ្តាច់ការ ទៅជាប្រទេស មានសន្តិភាព ស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ ពេញបរិបូរណ៍៕