ភ្នំពេញ: ក្នុងពិធីសម្ពោធវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក សម្តេចតេជោ បានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវតែខិតខំសិក្សារៀនសូត្រ ព្រោះបច្ចុប្បន្ននេះសាលារៀន គឺស្ថិតនៅជិតផ្ទះយើងហើយមិនដូចពីមុននោះទេ ហើយត្រូវតែចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ។
នៅព្រឹកថ្ងៃទី ៣០ ខែ មីនា នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ “វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក” មួយខ្នង កម្ពស់ ៣ជាន់ ស្មើ ២៤បន្ទប់ និងស្ពានមួយខ្សែប្រវែង ១៨០ម៉ែត្រ នៅក្នុងឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។
មកដល់ពេលនេះ ខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបំបែកចេញពីខេត្តកំពង់ចាមនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយអគាសិក្សាចំនួន ២៩៧ខ្នង ស្មើ១៤៣០ បន្ទប់ រួមទាំងផ្លូវ ស្ពានជាច្រើនកន្លែងផ្សេងទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបង្កើតវិទ្យាល័យនិងសមិទ្ធផលផ្សេងៗនៅទីនេះគឺមិនមែនដោយសារតែ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត រៀនទីនេះ និងមានស្រុកកំណើតនៅទីនេះ ឬដោយសារសម្តេចទាំងទ្វេមានអនុស្សាវរីយ៌នៅទីនេះនោះទេ គឺសម្តេចតេជោ បានសងសង់អាគារសិក្សាស្ទើរគ្រប់ទីកន្លែង ដែលជាតម្រូវការចាំបាច់នៃការអប់រំដល់កុលបុត្រ កុលធីតាខ្មែរគ្រប់ជំនាន់បានសិក្សារៀនសូត្រ កុំអោយពួកគេអភ័ព្វដូចសម្តេចពីមុន។
នៅទីនេះពីមុន គឺមានតែវិទ្យាល័យតែមួយគត់ តែរហូតមកដល់សព្វថ្ងៃនេះ មានស្ទើរគ្រប់កន្លែង ហើយនេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិយ័អប់រំតាមទីជនបទ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានគិតគូរតម្លើងប្រាក់ខែគ្រូបង្រៀនដល់ ២០០ ដុល្លារ និង នៅឆ្នាំ២០១៨ នឹងឡើងដល់ ២៥០ ដុល្លារ ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ គឺសម្តេចតេជោនឹងបន្ថែមជូន៥ម៉ឺនរៀល ក្នុងម្នាក់ៗដល់លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការយើងផងដែរ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ក៏បានផ្តល់អំណោយ ជូនដល់លោកយាយ លោកតា និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះរួមទាំងផ្តល់ម៉ាស៊ីន 10 Computers, 2 Printer, 1Copy machine, និងម៉ាស៊ីនដេរចំនួន ៥០ គ្រឿង ដល់សិស្សានុសិស្ស នៃវិទ្យាល័យនេះ និងចុងបញ្ចប់បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ “ វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនី” ចាប់ពីពេលនេះតទៅ៕