អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ដីធ្លី ចុះបញ្ជីមានបណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់


ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២០៥០បណ្ណជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ដីធ្លី បានចុះបញ្ជីមានបណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូនដូចជាយកទៅលក់ ជួល បញ្ចាំ ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចែកបណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ ដោយអនុវត្តតាមគោលនយោបាយគន្លឹះរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីធ្លី បង្ហើយ រដ្ឋបាលខេត្តកណ្តាល រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល នឹងខិតខំប្រឹងប្រែងដើម្បីជំរុញការចុះបញ្ជីដីទូទាំងខេត្តកណ្តាលឱ្យបានចប់នៅឆ្នាំ២០២៥នេះ។ ការចុះបញ្ជីដីធ្លីបង្ហើយគឺជាការងារអាទិភាពចំពោះមុខ ដើម្បីធ្វើឱ្យវិវាទដីធ្លីកាន់តែកាត់បន្ថយ និងបង្រួមកាន់តែតូចទៅៗ ហើយនៅពេលដែលយើងបានចុះបញ្ជីដីធ្លីរួច ដីធ្លីរបស់យើងកាន់តែមានសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះចុះបញ្ជីបាន៦០ឃុំ-សង្កាត់លើ១២៧ឃុំ-សង្កាត់ ៥៣១ភូមិលើ១០១០ភូមិ គឺស្មើនឹង៥២ភាគរយនៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន៨៤៩២៨០ក្បាលដី ក្នុងនោះបានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន៣៩០០១០បណ្ណ និងធ្វើការចែកបណ្ណជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន២៣០លើកស្មើនឹង៣១២៧៨០បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣១នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពីភូមិឫស្សីជ្រោយចំនួន៥៤៩បណ្ណ និងភូមិជ្រោយមេត្រីក្រោមចំនួន៣២៨បណ្ណ ឃុំឫស្សីជ្រោយ និងភូមិក្រោមចំនួន១១៧៣បណ្ណ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល សរុបចំនួន២០៥០បណ្ណ៕