- នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រមាណ ១៧០នាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា នៅក្នុងផែនការធ្វើស្រែប្រាំងឆ្នាំ២០២៤-២០២៥ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ បានឯកភាពគ្នាលើផែនការចំនួន ១២ ០០០ ហិកតា ប៉ុន្តែជាក់ស្តែង ប្រជាកសិករបានធ្វើស្រែប្រាំងរហូតដល់ ១៨ ០៥៦ ហិកតា គឺលើសផែនការចំនួន ៦ ០៥៦ ហិកតា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំការយោគយល់ពីបងប្អូនប្រជាកសិករចំពោះបរិមាណទឹកក្នុងអាងទឹកមានកំណត់ ក្នុងពេលដែលផ្ទៃដីស្រែរីកធំជាបន្តបន្ទាប់ ជាពិសេសសូមស្តាប់តាមការណែនាំរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានសហគមន៍ និងអាជ្ញាធរដែលជាអ្នកនៅមូលដ្ឋានផ្ទាល់ អំពីសក្តានុពលទឹកដែលមានជាក់ស្តែងសម្រាប់ប្រើប្រាស់ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីកុំឱ្យពេលធ្វើស្រូវប្រាំងជួបបញ្ហាប្រឈមខ្វះទឹក ហើយត្រូវចូលរួមការពារ ថែរក្សាអាងទឹក ដើម្បីបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ក្រុមការងារបច្ចេកទេស ក៏បានអញ្ជើញចុះពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង៕