រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដាក់ចេញយុទ្ធសាស្ត្រ២ចំណុច ក្នុងការបន្តអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាឱ្យមាននិរន្តរភាព នាឱកាសទិវាទេសចរណ៍ពិភពលោក ២០១៧


(កែប)៖ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់យុទ្ធសាស្ត្រ២ចំណុចសំខាន់ៗ ក្នុងការបន្តអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាឲ្យមាននិរន្តរភាព ដើម្បីចូលរួមសម្រេចឲ្យបានគោលដៅជំរុញចលនាទេសចរណ៍ក្នុងស្រុក និងបង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «និរន្តរភាពទេសចរណ៍ ជាយន្តការសម្រាប់ការអភិវឌ្ឍ» នៅខេត្តកែប ដោយមានការចូលរួមពីលោក កែន សត្ថា អភិបាលខេត្តកែប មន្រ្តីរាជការពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋមូលដ្ឋានប្រមាណ២៥០នាក់ នៅរមណីយដ្ឋានថ្ងៃបាំងឆ័ត្រ។
យុទ្ធសាស្ត្រទាំង២ចំណុចដែលឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានប្រកាសដាក់ចេញនោះ រួមមាន៖
ទី១៖ បន្តរួមគ្នាជំរុញការអភិវឌ្ឍទេសចរណ៍ ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ ចាំបាច់ធ្វើការគ្រប់គ្រងវិស័យទេសចរណ៍ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ដើម្បីទាញយកគុណប្រយោជន៍ពីវិស័យទេសចរណ៍ឱ្យបានជាអតិបរមា និងមានការបែងចែកដោយសមធម៌ ដោយមិនទុកនរណាម្នាក់ចោលនៅពីក្រោយ នៃការអភិវឌ្ឍនោះទេ ដោយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំងបួន (រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ) សំដៅធានាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងកិច្ចអភិវឌ្ឍ និងទទួលផលប្រយោជន៍ពីវិស័យទេសចរណ៍។
ទី២៖ បន្តធានាឱ្យបានថា ទំនាក់ទំនងជាវិជ្ជមានរវាងវិស័យទេសចរណ៍ និងភពផែនដី ឆ្ពោះទៅអនាគតកាន់តែភាពបៃតង ដោយក្រសួងទេសចរណ៍សហការជាមួយស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងសារៈសំខាន់នៃវិស័យទេសចរណ៍ ចូលរួមអភិរក្ស និងថែរក្សាធនធានធម្មជាតិ បរិស្ថាន សម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រពៃណីប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការប្រកាន់នូវទស្សនទាន «គោរពធម្មជាតិ គោរពវប្បធម៌ និងគោរពប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅគោលដៅទេសចរណ៍» គ្រប់ពេលវេលា និងទីកន្លែងដែលភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព គេមិនអាចមើលរំលងអំពីគុណប្រយោជន៍នៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នោះទេ ដោយសារសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្លាយជាយន្តការមួយដែលស័ក្តិសមក្នុងការអភិរក្ស អភិវឌ្ឍន៍ធនធានធម្មជាតិ និងបរិស្ថាននៅតាមគោលដៅទេសចរណ៍។
ឯកឧត្តមបានណែនាំបន្តថា សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មិនត្រឹមតែរួមចំណែកក្នុងការទាក់ទាញការវិនិយោគិនគ្រប់ទម្រង់ (ខ្នាតតូច និងខ្នាតធំ) មកវិនិយោគក្នុងឧទ្យានជាតិ និងតំបន់អភិរក្សធម្មជាតិតែប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមផ្តល់នូវផលប្រយោជន៍ និងឱកាសសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ការងារ និងកាត់បន្ថយចំណាកស្រុក ព្រមទាំងជំរុញលើកទឹកចិត្តដល់ប្រជាសហគមន៍ឱ្យចូលរួមថែរក្សាអភិរក្សធម្មជាតិ បរិស្ថានផងដែរ។
សូមបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍសហសវត្សរ៍ មុន ឬត្រឹមដំណាច់ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
គួររំឭកថា នៅឆ្នាំ២០១៦ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិជាង ៥លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។ ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣លាននាក់ កើនឡើង ១២.៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។
តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៤លាននាក់ នៅឆ្នាំ២០១៧ និងប្រមាណ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារបានប្រមាណ១លាននាក់៕