ឯកឧត្តម ចម ប្រសិទ្ធ ៖ ការផ្តល់សេវាសាធារណៈលើការងារឧស្សាហកម្ម និងសិប្បកម្ម នឹងកាន់តែលឿន ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋអ្នកទទួលសេវា តាមរយៈការធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិ


នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីបើកសិក្ខាសាលា ស្តីពីការពិគ្រោះយោបល់ និងបណ្តុះបណ្តាល ក្នុងការធ្វើប្រតិភូកម្មអំណាច ការងារឧស្សាហកម្ម និងសិប្បកម្ម ជូនដល់ រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត នៅសាលប្រជុំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា អង្គសិក្ខាសាលានេះ គឺជាវេទិកាដ៏មានប្រយោជន៍ ក្នុងការប្រើប្រាស់បញ្ញាញាណ ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក និងស្វែងយល់នូវគ្រប់បញ្ហាដែលទាក់ទងនឹងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការគាំទ្រ និងលើកស្ទួយវិស័យឯកជន ដែលពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសិប្បកម្ម។ ផ្តើមពីមូលដ្ឋាននេះ ឯកឧត្តមរំពឹងថា អង្គសិក្ខាសាលានឹងទទួលបានធាតុចូលបន្ថែមទៀត ដើម្បីកំណត់ជាទិសដៅភារកិច្ច កាន់តែមានភាពស៊ីជម្រៅ មុតស្រួច សម្រាប់អនុវត្តបន្ត នៃការធ្វើប្រតិភូកម្មអំណាច ការងារឧស្សាហកម្ម និងសិប្បកម្ម ជូនដល់ រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រទេសជាតិរបស់យើងបាន និងកំពុងអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ជីវភាពរបស់ប្រជាពលរដ្ឋយើងកាន់តែធូធារ ដោយសារបរិយាកាសអនុគ្រោះ និងមានអំណោយផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញឱ្យប្រើនូវ អនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាសមិទ្ធិផលថ្មីបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ការិយាល័យប្រជាពលរដ្ឋ ពិតជាទទួលបានលទ្ធផលជាវិជ្ជមាន មានគុណភាព ប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបបានទាន់ពេលវេលា ព្រមទាំងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស គឺភាពពេញចិត្ត និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលជាអ្នកទទួល និងប្រើប្រាស់សេវា។
ពាក់ព័ន្ធការបង្កើតយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តមបានបញ្ជាក់ថា គឺសំដៅទៅលើ៖
ដើម្បីប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលពីក្រសួង-ស្ថាប័ននានា ដែលរួមមានទាំងសេវារដ្ឋបាលកំពុងផ្តល់ដោយរដ្ឋបាលរាជធានី ខេត្ត និងសេវារដ្ឋបាល ដែលកំពុងផ្តល់ដោយមន្ទីរ អង្គភាពជំនាញនានា មកដាក់នៅកន្លែងតែមួយ។ ទន្ទឹមនឹងនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានការប្តេជ្ញានិងឆន្ទៈក្នុងការសម្រេចនៃការ ផ្តល់មុខងារ ដែលមានសេវារដ្ឋបាលជូនដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម តាមរយៈការបង្កើតយន្តការច្រក ចេញចូលតែមួយ របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ដែលជាតំណាងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការអនុវត្តប្រតិភូកម្មអំណាច។
ការពង្រីកប្រតិភូកម្ម របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅការិយាល័យច្រកចេញចូលតែមួយ ដែលបាន និងកំពុងអនុវត្តនៅរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ ទាំង៤៦ នឹងទៅដល់រដ្ឋបាលស្រុកដទៃទៀតដែលមានលក្ខណៈសម្បត្តិសមស្រប ដើម្បីផ្តល់សេវារដ្ឋបាលនានាដែលទទួលបានការធ្វើប្រតិភូកម្មពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ដូចក្រុង ស្រុក ខណ្ឌ មួយចំនួន នាពេលកន្លងមក។
ការផ្តល់សេវាតាមរយៈប្រតិភូកម្មអំណាច របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តាមរយៈយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិទូទាំងប្រទេសនេះ គឺមានបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវាថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំសេវារដ្ឋបាល លើវិស័យឧស្សាហកម្ម និងសិប្បកម្ម នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលនិងឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំដោយសង្កត់ធ្ងន់ថា មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ត្រូវពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាពរបស់ខ្លួននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវារដ្ឋបាលនានា ដែលបានទទួលប្រតិភូកម្មអំណាចពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសគឺពង្រីកវិសាលភាព នៃការគ្រប់គ្រងការចុះបញ្ជីឧស្សាហកម្ម និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឺងទំហំនៃបណ្តាមូលដ្ឋាន ដែលកន្លងមកពុំទាន់ចុះបញ្ជី ឬមានមូលដ្ឋានខ្លះពុំមានច្បាប់អនុញ្ញាតតាមគោលការណ៍គតិយុត្ត។
ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា សិក្ខាសាលាដែលបានរៀបចំនេះ គឺមានគោលបំណងពិភាក្សា ពិគ្រោះយោបល់ និងបណ្តុះបណ្តាល អំពីនីតិវិធី គំរូបែបបទ តាមគោលការណ៍ប្រតិភូកម្មអំណាច ការងារឧស្សាហកម្ម និងសិប្បកម្ម មាន៖

១-ប្រតិភូកម្ម ការងារឧស្សាហកម្ម ស្តីពីការចុះបញ្ជីរោងចក្រ ដែលមានទុនសមមូល ២ ០០០ ០០០ដុល្លារចុះក្រោម ក្នុងដែនសមត្ថកិច្ចនៃអនុគណៈកម្មាធិការវិនិយោគ រាជធានី ខេត្ត ក្នុងនោះមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ជាសេនាធិការឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចុះបញ្ជីនេះ (ប្រកាសប្រតិភូកម្ម របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម)។

២-ប្រតិភូកម្ម ការងារសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម ដែលមានទុនសមមូល ៥០ ០០០ដុល្លារចុះ ជូនដល់រដ្ឋបាលរាជធានី ខេត្ត ក្នុងការចុះបញ្ជីបង្កើត និងចេញវិញ្ញាបនបត្រអនុញ្ញាតដំណើរការ ក្នុងនោះមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ជាសេនាធិការឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចុះបញ្ជីនេះ (អនុក្រឹត្យលេខ ១៨ អនក្របក ស្តីពីប្រតិភូកម្ម)។

៣-ប្រតិភូកម្ម ការងារសិប្បកម្ម ដែលមានកម្រិតទុន ៥ ០០០ ដុល្លារចុះ និងនីតិវិធី នៃការចុះបញ្ជី បង្កើត និងអនុញ្ញាតដំណើរការនៃសិប្បកម្ម ទុនសមមូល ៣ ០០០ ដុល្លារចុះ ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
ករណីនេះឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ផងដែរថា ការធ្វើប្រតិភូកម្ម ៥ ០០០ ដុល្លារចុះ នេះ ក្រសួងបានធ្វើប្រតិភូកម្ម តាំងពីឆ្នាំ២០១១ មកម្ល៉េះ ប៉ុន្តែបច្ចុប្បន្ន ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទើបបង្កើតថ្មី ត្រូវធ្វើនីត្យានុកូលភាពឡើងវិញនូវប្រកាសប្រតិភូកម្មនេះ ទន្ទឹមនឹងនេះ ក្រសួងបានសម្រេចធ្វើប្រតិភូកម្ម ទាំងចុះបញ្ជីនិងដំណើរការនៅពេលតែមួយសម្រាប់សិប្បកម្មដើមទុនក្រោម ៣ ០០០ ដុល្លា ចុះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលសេវា និងផ្តល់ជូនសេដ្ឋកិច្ចខ្នាតតូចនៅមូលដ្ឋាន។

៤-ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពិនិត្យលើស្ថានភាពបច្ចុប្បន្ន ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ពុំមានវិសាលភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងនៃការចុះបញ្ជី ជាពិសេស ការគ្រប់គ្រងស្ថិតិរបស់សហគ្រាស ធុនតូច និងមធ្យម នៅមានកម្រិត ដូចនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសម្រេចចិត្តក្នុងសិន្និបាតបូកសរុបរបស់ក្រសួង នៅឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ គឺការធ្វើប្រតិភូកម្ម ការងារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលមានកម្រិតទុន ៥០ ០០០ ដល់ ៥០០ ០០០ ដុល្លារ ជូនដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ក្នុងកម្រឹតសាកល្បងដើម្បីពិនិត្យសមត្ថភាព នៃការគ្រប់គ្រងរបស់អង្គភាពមូលដ្ឋានលើវិស័យនេះ។

ក្រៅពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់បំប៉ន បណ្តុះបណ្តាលដល់មន្រ្តីជាថ្នាក់ដឹកនាំនៃអង្គភាពមូលដ្ឋានរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាពិសេស មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ឱ្យយល់ដឹងអំពីគោលការណ៍ និងនីតិវិធី ក្នុងការរៀបចំអនុវត្ត និងធ្វើជាសេនាធិការឱ្យរដ្ឋបាល រាជធានី ខេត្ត នូវប្រតិភូកម្មខ្លះ ដែលក្រសួងបានធ្វើ។ ការធ្វើវិសហមជ្ឈការតាមរយៈការធ្វើប្រតិភូកម្ម ពិតជាមានការពិបាក ប៉ុន្តែយោងតាមការអនុវត្តកន្លងមកនេះ យើងមានបទពិសោធន៍ខ្លះ ក្នុងការអនុវត្តការងារវិមជ្ឈការដោយឈរលើទស្សនៈធ្វើផង កែផង ហើយជៀសមិនផុតភាពអសកម្ម ដែលកើតឡើងក្នុងពេលអនុវត្ត ដូចនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងអនុវត្តតួនាទី ជាអ្នកត្រួតពិនិត្យលើរាល់ដំណើរការមុខងារដែលបានផ្ទេររបស់ខ្លួន តាមរយៈប្រតិភូកម្ម ដូចបានរៀបរាប់ខាងលើ។

នៅចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឱ្យមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធនានា វិស័យឯកជន បន្តចូលរួមក្នុងកិច្ចដំណើរការនៃប្រតិភូកម្ម នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានទទួលជោគជ័យស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល។ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវរៀបចំផែនការជាក់លាក់ដើម្បីគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដូចជាការរៀបចំបុគ្គលិក ការកសាងសមត្ថភាព ការៀបចំនីតិវិធី បែបបទ នៃការផ្តល់សេវាឱ្យមានលក្ខណៈសាមញ្ញ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលសេវា។ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព និងយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តអនុក្រឹត្យលេខ ១៨ អនក្រ.បក ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ ក្នុងនោះមាន សេវាឧស្សាហកម្ម និងសិប្បកម្ម ក្នុងឧបសម្ព័ន្ធ និងប្រកាសប្រតិភូកម្ម របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការធ្វើប្រតិភូកម្មសម្រាប់ផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ។