(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានពន្យល់ពីភាពយឺតយ៉ាវមួយចំនួននៅក្នុងដំណាក់កាលវាយតម្លៃប៉ះពាល់បរិស្ថាន (EIA) និងបញ្ជាក់ជំហរពន្លឿនបញ្ហានេះឱ្យឆាប់រហ័ស ដោយបញ្ជាក់ថាការចុះកិច្ចសន្យាវាយតម្លៃផលប៉ះពាល់បរិស្ថាន ត្រូវធ្វើឡើងក្នុងរយៈពេលតែ១សប្តាហ៍ប៉ុណ្ណោះ ចាប់ពីឆ្នាំនេះទៅ។
ការចេញមកពន្យល់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន គឺជាការឆ្លើយតប និងពន្យល់ពីហេតុផល ក្រោយពីមានការលើកឡើងពីភាពយឺតយ៉ាវក្នុងដំណើរការចុះកិច្ចសន្យាលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នាពេលកន្លងមក។
ក្នុងឱកាសឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គកម្ពុជា» នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាការពិតមានការយឺតយ៉ាង និងមានការលឿន។ ខ្ញុំបានដាក់គោលការណ៍ ចេញថ្មីៗនេះហើយ ប្រហែលជាខែមុន។ ការចុះកិច្ចសន្យា ខ្ញុំមិនឱ្យលើសពី១សប្តាហ៍ទេ។ កិច្ចសន្យាហ្នឹង១សប្តាហ៍ចេញជូន ប៉ុន្តែក្រុមហ៊ុន ត្រូវអនុវត្តតាមគោលការណ៍ ដែលដាក់ចេញដោយក្រសួងបរិស្ថាន។ កិច្ចសន្យាយើងមានគោលការណ៍របស់យើង គឺត្រូវធ្វើនេះ ធ្វើនេះ ខ្ញុំស៊ីញជូនក្រុមហ៊ុនត្រូវធ្វើតាម»។
បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានពន្យល់ថាការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មាន៣កម្រិត គឺទី១៖ ការចុះកិច្ចសន្យាជាមួយគ្នា, ទី២៖ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន «បឋម» និងទី៣៖ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន «ពេញលេញ»។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា៖ «ការយឺតយ៉ាវ ជូនកាលក្នុង១សប្តាហ៍ ក្រុមហ៊ុនគ្រាន់តែគាត់ផ្ញើឯកសារពីប្រទេសគាត់មកខ្មែរ វាមិនទាន់ទេ។ អញ្ជឹងការយឺតយ៉ាវហ្នឹងសួរថា មកពីក្រសួងបរិស្ថាន ឬមកពីគាត់? វាមានទាំង២ ដៃទះ ដៃទាំង២បានឮ។ អ៊ឹចឹងងទេ ចំពោះក្រសួងបរិស្ថាន តាមគោលការណ៍ថ្មីរបស់យើង គឺ១សប្តាហ៍ បើមានឯកសារគ្រប់គ្រាន់មក ត្រូវតែចេញ។ បើមិនគ្រប់គ្រាន់ទេសុំទោស ខ្ញុំធ្វើវាមិនកើត»។
ដូចគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ចំពោះការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន «បឋម» នឹងត្រូវចេញជូនក្រុមហ៊ុន ក្នុងរយៈពេលយ៉ាងយូរបំផុត៣ខែ ប្រសិនបើមានឯកសារគ្រប់គ្រាន់ និងគោរពតាមគោលការណ៍ណែនាំរបស់ក្រសួង។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសំខាន់ណាស់។ បើសិនណាយើងធ្វើអ្វីមួយ ដោយមិនបានវាយតម្លៃផលប៉ះពាល់បរិស្ថានទេ យើងមិនដឹងថាតើ អ្វីដែលយើងធ្វើនឹងប៉ះពាល់ដល់បរិស្ថានបែបណានោះទេ ហើយកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលមានមុំ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ភាពស្អាត គឺភាពស្អាតនៅលើមេឃ នៅលើដី និងនៅលើទឹកផងដែរ។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានគឺសិក្សា ពីផលប៉ះពាល់បរិស្ថានទៅលើផ្ទៃមេឃ លើផ្ទៃដី និងផ្ទៃទឹក ដើម្បីឱ្យដឹងពីកម្រិតនៃផលប៉ះពាល់។
ក្រោយពេលដែលសិក្សាឃើញហើយ នោះក្រសួងនឹងណែនាំឱ្យក្រុមហ៊ុនវិនិយោគនោះ ធ្វើយ៉ាងណា ដើម្បីបញ្ចៀសឱ្យខាងតែបានលើផលប៉ះពាល់ទាំងនោះ។ ដើម្បីកុំឱ្យផលប៉ះពាល់ទាំងនោះនាំទៅដល់ផលវិបាកដល់សង្គមផង និងដល់សុខភាពប្រជាពលរដ្ឋផង។
ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា៖ «អ្វីដែលសំខាន់ជាងហ្នឹងទៀតនោះ គឺចង់ធានាឱ្យបាននូវការវិនិយោគមួយ ដែលនាំមកនូវចីរភាពទាំងការវិនិយោគ ទាំងការងារដែលប្រជាជនទទួលបានពីការវិនិយោគហ្នឹងផង។ យើងអត់ចង់បានទេ នូវការវិនិយោគមួយ ដែលនាំឱ្យបំពុលបរិស្ថានហើយគ្មានចីរភាព សម្រាប់សង្គមយើង សម្រាប់សេដ្ឋកិច្ចកម្ពុជាយើង»៕