សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥


សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបអនុស្សាវរីយ៍លើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។

នៅក្នុងសាលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូចនេះថា «នៅក្នុងឱកាសដ៏វិសេសវិសាលនៃខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោម ប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរម រាជវាំង ខ្ញុំមានសេចក្តីរីករាយឥតឧបមា សូមចូលរួមអបអរសាទរ និងសូមកោតសរសើរយ៉ាងកក់ក្តៅ ជូនលោកជំទាវបណ្ឌិត ដែលបានលះបង់កម្លាំងកាយ-ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិ មាតុភូមិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ប្រកបដោយ គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និង សមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបាននូវលទ្ធផលល្អប្រសើរ និងជោគជ័យយ៉ាងត្រចះត្រចង់»។

ជាថ្មីម្តងទៀតក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូន លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា-បុត្រី សូមបាន ប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕