នៅព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៧ ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអនុប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈ កម្មការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងវេទិកាអប់រំផ្សព្វផ្សាយ ក្នុងការ អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអជ្ញាធរ និងមន្ទី-អង្គភាព ពាក់ព័ន្ធ ព្រមទាំងវិស័យឯកជនជាច្រើនរូបទៀត ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា៖នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តខិតប្រឹងប្រែងរបស់ខ្លួនក្នុងគោលដៅពង្រឹងថែមទៀតនូវកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ឯកភាពជាតិ និងឯកភាពទឹកដី សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងភាពសុខុដុមក្នុងសង្គម។ យើងដឹងហើយថា សត្រូវធំជាងគេ ក្នុងការអភិវឌ្ឍន៍ប្រទេស គឺគ្រឿងញៀន! ដែលជាហេតុកន្លងមក បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំយកចិត្តទុកដាក់ជាទី បំផុត ដែលគោលដៅអាទិភាពមួយក្នុងគោលដៅអាទិភាពជាច្រើន ដើម្បីសម្រេចបាននូវគោលនយោបាយខាងលើ គឺ ការទប់ស្កាត់ និងការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រឆាំងនឹងសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងគ្រឿងញៀន រួមមាន៖ (១)ការកាត់បន្ថយតម្រូវការគ្រឿងញៀន (២)ការកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន (៣)ការព្យាបាល ស្តារនីតិសម្បទា និងធ្វើសមាហរណកម្ម (៤)ការពង្រឹងសម្ថភាពអនុវត្តច្បាប់ (៥)កិច្ចសហប្រតិបត្តិការអន្តរជាតិ។
រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តវិធានការយុទ្ធសាស្រ្តមួយចំនួនដូចខាងក្រោម៖
‑ការអប់រំ ផ្សព្វផ្សាយ បង្ការទប់ស្កាត់ បដិសេធគ្រឿងញៀន
‑ការព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត ការធ្វើសមាហរណកម្ម និងការចាកចេញពីគ្រឿងញៀន
‑ការពង្រឹងប្រសិទ្ធភាពស្ថាប័នអនុវត្តច្បាប់
‑ការត្រួតពិនិត្យសារធាតុគីមីផ្សំ
‑ការបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជាប់ព្រំដែន
‑ការបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍនានា
‑ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងក្រោមជាតិ។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល០៦ខែ បានចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដែល បានចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុស ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់ស្រទាប់ប្រជាពលរដ្ឋ មន្រ្តីរាជការ និងមហាជនក្នុងសង្គម ដែលបង្កើតបានជាចលនាជាតិក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងមានការគាំទ្រ និងវាយតម្លៃជាវិជ្ជមាន ពីសំណាក់សាធារណៈមតិជាតិ‑អន្តរជាតិ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលលើជោគវាសនាប្រទេសជាតិ និងប្រជាពលរដ្ឋ។
ជាក់ស្តែង បានលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋទូទៅមួយកម្រិតថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃការជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងបានបង្កើនប្រសិទ្ធភាពក្នុងការព្យាបាល និងស្តារ នីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាពិសេសបានបើកប្រតិបត្តិការយ៉ាងក្តៅគគុក បង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ក្នុងនោះ បាន បង្រ្កាបចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនធំៗចំនួន ១៣ករណី ដោយបានកាត់ផ្តាច់ខ្សែរយៈបណ្តាញ ធ្វើឲ្យចរន្តនៃការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ ថមថយសកម្មភាពគួរឲ្យកត់សម្គាល់។
លទ្ធផលខាងលើនេះ បានធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ និងជះទ្ធិពលជាវិជ្ជមានដល់បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបានជួយកាត់បន្ថយទុក្ខលំបាក និងក្តីបារម្ភរបស់ប្រជាពលរដ្ឋ រួមចំណែកដល់ការអនុវត្តន៍កម្មវិធីនយោបាយ និង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
ក៏ប៉ុន្តែអាស្រ័យដោយនិន្នាការនៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់និងលើពិភពលោក នៅតែមានកំណើន និងនៅតែបន្តជះឥទ្ធិពលប្រកបដោយគ្រោះថ្នាក់នៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាក៏សម្រេចដាក់ចេញនូវផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ រយៈពេល ០៦ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដោយបន្តពង្រឹងយន្តការដែលមានស្រាប់ ក្នុងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ដើម្បីប្រើប្រាស់ជាយន្តការសម្រាប់អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដោយប្រមូលផ្តុំយកចិត្តទុកដាក់លើការងារចម្បងៗ ជាអាទិភាពដូចតទៅ៖
១) ត្រូវខិតខំធ្វើឲ្យប្រជាពលរដ្ឋទូទៅកាន់តែមានការយល់ដឹងថែមទៀត អំពីគ្រោះថ្នាក់ និងផលអវិជ្ជមានដែលកើតចេញពីគ្រឿងញៀន សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ការពារសុខមាលភាពសង្គម ដោយត្រូវយកចិត្តទុកដាក់ផ្តោតការអប់រំឲ្យចំគោលដៅ និងមុខសញ្ញាងាយរងគ្រោះ។
២) ជំរុញសកម្មភាពរៀបចំវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេស ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មដែលងាយកើតមានបទល្មើសគ្រឿងញៀន និងសិល្បៈករ‑សិល្បៈការនី បណ្តាញព័ត៌មាន អ្នកដឹកនាំសាសនា ព្រមទាំងអង្គការ សង្គមស៊ីវិល ឲ្យបានគ្រប់រាជធានី‑ខេត្ត រហូតដល់មូលដ្ឋាន សំដៅប្រមូលផ្តុំឲ្យមានការចូលរួម សហការគាំទ្រទាំងសកម្មភាព និងមូលនិធិ ក្នុងចលនាជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន។
៣) ពង្រឹងចំណាត់ការវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានហ្មឺងម៉ាត់ ចំពោះគោលដៅដែលងាយបង្កឬកើតមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន តាមរយៈការជំរុញឲ្យមានការកំណត់ភូមិសាស្រ្ត និងគោលដៅអាទិភាពជាក់លាក់ ព្រមទាំងមានកម្មវិធីការងារសម្រាប់កិច្ចការនេះច្បាស់លាស់ជាប្រចាំ។
៤) ជំរុញការរិះរកនីតិវិធីក្នុងការចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិនានា ដែលត្រូវបានរឹបអូស និងបង្កក ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនឲ្យបានឆាប់រហ័សដើម្បីប្រសិទ្ធភាព ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។
៥) ជំរុញការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ជាពិសេសបន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេស និងស្រាវជ្រាវ បង្ក្រាបឲ្យបាននូវបណ្តាញខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ព្រមជាមួយនឹងការយកចិត្តទុកដាក់ក្នុងការថែបំប៉ន និងលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅធ្វើឲ្យប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខុសច្បាប់ កាន់តែមានប្រសិទ្ធភាពខ្ពស់។
៦) ជំរុញឲ្យបានសម្រេច ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្នាក់ជាតិ និងមណ្ឌលបណ្តោះអាសន្នសម្រាប់ព្យាបាល និងស្តារ នីតិសម្បទាតាមរាជធានី‑ខេត្ត ដែលមានអំណោយផល ស្របជាមួយនឹងការ លើកកម្ពស់សមត្ថភាព គុណភាព និងពង្រីកសេវាព្យាបាលដោយផ្អែកលើសហគមន៍។
ជាមូលដ្ឋានក្នុងការអនុវត្តការវិធានការទី២ ខាងលើ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំវេទិកានេះដើម្បីជួបជាមួយវិស័យឯកជន សំដៅប្រមូលផ្តុំឲ្យមានការចូលរួមសហការគាំទ្រទាំងសកម្មភាពក្នុងចលនាជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន និងពង្រឹងការ ស្វែងយល់បន្ថែមនិងផ្សព្វផ្សាយបន្ត ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ។ វាគ្មិនរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងជម្រាបជូន ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា នៅពេលបន្តិចទៀតនេះ នូវប្រធានបទ ស្តីពីប្រភេទគ្រឿងញៀន បញ្ហាគ្រឿងញៀន និងសារសម្រាប់អប់រំនិងបង្ការគ្រឿងញៀន ក្នុងគោលបំណងរួមគ្នាកាត់បន្ថយជាបណ្តើរៗ ទប់ស្កាត់ និងឈានទៅរកការលុបបំបាត់នូវរាល់ការផលិត ការចែកចាយលក់ឬការចែកចាយប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម។
នៅក្នុងកំឡុងពេលនៃការធ្វើបទបង្ហាញរបស់វាគ្មិនទាំងអស់ ខ្ញុំសូមឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ទាំងអស់ មេត្តាត្រងត្រាប់ស្តាប់ និងលើកជាសំណួរ ទៅលើបញ្ហាឬចំណុចទាំងឡាយណាដែលមានមន្ទិលសង្ស័យឬមិនច្បាស់លាស់ ក៏ដូចជាការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ ក្នុង ការចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ នៅពេលត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ។
ខ្ញុំជឿជាក់ថា ការផ្សព្វផ្សាយថ្ងៃនេះ គឺមានសារសំខាន់ណាស់ ប៉ុន្តែក៏មិនទាន់គ្រប់គ្រាន់ដែរ ដូច្នេះ ខ្ញុំសង្ឃឹមជឿជាក់ថា មន្រ្តីនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងបន្តធ្វើការផ្សព្វផ្សាយនេះបន្ថែមទៀតនាពេលខាងមុខ ជូនដល់សាធារណៈជនទូទៅ ។