នៅរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៥ នៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
សន្និបាតនេះ ក្នុងគោលបំណងបង្ហាញពីលទ្ធផលការងារអប់រំកន្លងមក និងលើកទិសដៅការងារអនុវត្តសម្រាប់ឆ្នាំបន្ទាប់ ដែលក្រសួងអប់រំ យុវជន និងកីឡាបានអនុវត្ត ជាពិសេសក្នុងសកម្មភាពកំណែទម្រង់វិស័យអប់រំ អោយមានគុណភាព និងប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អង្គសន្និបាទនេះពិតជាមានសារសំខាន់ សំរាប់វិស័យអប់រំ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ អោយមានការរីកចម្រើន ជាមួយគ្នានោះ សម្តេចបានលើកទឹកចិត្តអោយក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងវិស័យអប់រំនេះបន្ថែមទៀត ជាពិសេសត្រូវអនុវត្តតាមផែនការយុទ្ឋសាស្ត្រ សំរាប់ឆ្នាំបន្ទាប់ដែលរាជរដ្ឋាភិបាលបានដាក់អោយ។
ទាក់ទងនឹងការសំណូមពរពីរដ្ឋមន្ត្រីក្រសួងអប់រំ ដែលស្នើសុំអោយមានការសាងសង់សាលារៀនធ្វើពីឈើនោះ សម្តេចតេជោ បានប្រកាសថា ចាប់ពីពេលនេះតទៅឈើដែលរឹបអូសបានទាំងអស់ពីបទល្មើសព្រៃឈើត្រូវយកមកអោយក្រសួងអប់រំដើម្បីយកទៅប្រើប្រាស់កសាងសាលារៀន អាគារផ្សេងៗ ជាពិសេសយកទៅធ្វើជាផ្ទះគ្រូតែម្តង។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យតុលាការ ជាពិសេសក្រសួងយុត្តិធម៌ ត្រូវពន្លឿននីតិវិធី នៅពេលសំណុំរឿងពាក់ព័ន្ធឈើដែលរឹបអូសបាន ដើម្បីយកទៅឲ្យក្រសួងអប់រំ សម្រាប់ប្រើប្រាស់ក្នុងវិស័យអប់រំ។ សម្ដេចបានបន្ថែមទៀតថា ព្រៃមួយចំនួនត្រូវដាក់ជាព្រៃការពារ ជាពិសេសដូចជាព្រៃឡង់ជាដើម គឺត្រូវដាក់ជាព្រៃការពារ ហើយគ្រប់ភាគីទាំងអស់ត្រូវចូលរួម គឺរួមទាំងអង្គការ សមាគមជាតិ គឺចូលរួមការពារព្រៃឈើទាំងអស់គ្នា
ចំពោះលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងមន្រ្តីរាជការដែលបានចូលនិវត្តន៌កាលពីលើកមុន ហើយបានទទួលប្រាក់ខែតិច គឺសម្ដេចរៀបចំអោយមានការរំកិលរុញឡើង កុំអោយមានគម្លាតខុសគ្នាខ្លាំងពេក ប៉ន្តែការដំឡើង នេះគឺជាដំណាក់ៗ
ចំពោះវិស័យកីឡាវិញ សម្ដេចបានលើកឡើងថា ទោះបីគ្មាន SEA GAMES ២០២៣ ក៏កម្ពុជាត្រូវតែពង្រឹង វិស័យកីឡាអោយបានខ្លាំង ហើយនៅថ្ងៃទី ៤ខែ មេសា សម្ដេចនឹងទទួលទានអាហារជាមួយក្រុមកីឡាករកីឡាការិនីទូទាំងប្រទេស នៅកោះពេជ្រ។
ចំពោះការតែងតាំងនាយកសាលាបឋមសិក្សា នាយកអនុវិទ្យាល័យ និងនាយកវិទ្យាល័យ ដែលកន្លងមកមានការតែងតាំងដោយថ្នាក់ក្រោមជាតិដែលតែងតែប្រើរយៈពេលយូរនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាបើក្នុងរយៈពេលមួយខែមិនទាន់មានការ តែងតាំងពីថ្នាក់ក្រោមជាតិទេ សូមរដ្ឋមន្រ្តីក្រសួងអប់រំ ត្រូវតែងតាំងដោយខ្លួនឯង ដើម្បីអោយមានភាពងាយស្រួល។
មុននឹងបិទបញ្ចប់នៃអង្គសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញផ្តល់ពានរង្វាន់ដល់គ្រូឆ្នើមមួយចំនួន ដែលបានបំពេញការងារលើផ្នែកអប់រំបានល្អប្រសើរ៕