សាលារាជធានីនឹងពង្រីកខ្សែរថយន្តក្រុងសាធារណៈឲ្យបាន១០ខ្សែក្នុងឆ្នាំ២០១៦


ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញត្រៀមពង្រីកសេវារថយន្តក្រុងសាធារណៈជាច្រើនខ្សែបន្ថែមទៀត នៅក្នុងឆ្នាំ២០១៦នេះ នៅ ពេលដែលបានទទួលជំនួយរថយន្តក្រុងបន្ថែមមកពីប្រទេសជប៉ុន និងប្រទេសចិន ដើម្បីដោះស្រាយប្រពន្ធ័ ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញឲ្យបានប្រសើរជាងសព្វថ្ងៃនិងអនាគត។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីយប់ថ្ងៃទី៣០ ខែមីនា នៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសជប៉ុនអស់រយៈពេល ១សប្តាហ៍ថានៅឆ្នាំ២០១៦ នេះសាលារាជធានីភ្នំពេញនឹងពង្រីកខ្សែរថយន្តក្រុងសាធារណៈឲ្យបាន១០ខ្សែ ដើម្បីពង្រីកការផ្តល់សេវាកម្មដឹកជញ្ជូន សាធារណៈនេះជូនប្រជាពលរដ្ឋឲ្យកាន់តែច្រើនទៅតាមគម្រោងផែនការដែលបានគ្រោងទុក។ លោក អភិបាលបន្តថា នៅពេលនេះសាលារាជធានី និងមន្ទីរជំនាញ ត្រូវសិក្សាបញ្ហាប្រព័ន្ធដឹកជញ្ជូនសាធារណៈឲ្យបានល្អិតល្អន់ត្រៀម រៀបចំនូវ ម៉ាស័្ទរប្លែនសម្រាប់ប្រព័ន្ធដឹកជញ្ជូន១ឲ្យបានទំនើបនិងល្អប្រសើរដើម្បី ជាជំហានដោះស្រាយក្នុងបញ្ហាស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញសព្វថ្ងៃនេះ ហើយនៅពេលដែលទទួលបានរថយន្តទាំងនោះអាជ្ញាធរនឹងបង្កើតខ្សែរត់ចាប់ពីចំណតនានានៅក្រៅក្រុង ដើម្បីបញ្ឈប់សកម្មភាពលែងឲ្យរថយន្តឈ្មួលចូលទៅក្នុងក្រុងបន្តទៀតនៅពេលនោះសេវារថយន្តសាធារណៈរបស់ក្រុងនឹងបំពេញសេវាបន្ត ដើម្បីជួយទប់ស្កាត់កុំឲ្យរថយន្តធំៗលែងឲ្យចូលមកក្នុងក្រុងនាំឲ្យកាន់តែកក់ស្ទះ។ លោកអភិបាល បានបន្ថែមថា ចំពោះរថយន្តប៊ឺសចំនួន១៨០គ្រឿងដែលជប៉ុនគ្រោងជួយនោះនឹងផ្តល់មកកម្ពុជាជា ជំហានៗ ទៅតាមការដោះស្រាយផ្លូវរត់ក្នុងគម្រោងចំនួន១០ខ្សែ ខណៈដែលសព្វថ្ងៃមានតែ៣ខ្សែនៅ ឡើយ។ ដូច្នេះដើម្បី ឲ្យការគ្រប់គ្រងខ្សែរត់នៃរថយន្តប៊ឺសឲ្យបានល្អប្រសើរអង្គការ ចៃការ កំពុងដាក់បញ្ជូនក្រុមបច្ចេកទេសរបស់ខ្លួនបញ្ជូនមកកម្ពុជាសហការជាមួយ សាលាក្រុងនិងមន្ទីរសាធារណការធ្វើឲ្យ សិក្សាបានប្រាកដប្រជាលើការងារបំពាក់បន្ថែមលើខ្សែរត់លើកក្រោយនេះវានឹង ទទួលបានជោគជ័យ។ អង្គការសង្គមស៊ីវិលបានគាំទ្រនូវគម្រោងរបស់សាលាក្រុងលើផ្នែកសេវាកម្មរថយន្តដឹកជញ្ជូនសាធារណៈនេះបានបញ្ជាក់ថា ការជំរុញឲ្យមានសេវាដឹកជញ្ជូនសាធារណៈកាន់តែច្រើននៅក្នុងរាជធានីភ្នំពេញនេះវារឿងល្អដើម្បីកាត់បន្ថយកំណើននៃការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនឯកជនគ្រប់ប្រភេទ ហើយនាំគ្នាងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរួមវិញជាការល្អ ដោយកាត់បន្ថយអត្រាគ្រោះថ្នាក់ និងចំណេញថវិកានឹងមានសុវត្ថិភាព។ ខាង សង្គមស៊ីវិលបានគាំទ្រចំពោះសេវារថយន្ត សាធារណៈនេះ ហើយឲ្យរឹតកាន់តែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋបន្ថែមទៀតនោះ សាលាក្រុងគួរតែពង្រឹងការផ្តល់សេវាឲ្យបានល្អនឹងឆាប់ដោយមានចំណតត្រឹមត្រូវដែលបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើររង់ចាំហើយត្រូវដោះស្រាយឲ្យបានចំពោះសណ្តាប់ធ្នាប់សាធារណៈនៅតាមចំណីដងផ្លូវដើម្បីឲ្យ អ្នកថ្មើរជើងអាចធ្វើដំណើរបានដោយងាយស្រួលមិនមានអារម្មណ៍ពីបញ្ហាសុវត្ថិភាព។
សូមបញ្ជាក់ថា៖ រហូតមកទល់ពេលនេះ នៅរាជធានីភ្នំពេញមានសេវារថយន្តក្រុង សាធារណៈចំនួន៣ខ្សែដែលកំពុងដំណើរ ការ។ ក្នុងនោះខ្សែរត់ទី១- ចេញពីឬស្សីកែវ ត្រង់ចំណុចគីឡូម៉ែត្រលេខ៩ ឆ្ពោះទៅវត្ត ក្តីតាកុយ តាមផ្លូវជាតិលេខ១។ ខ្សែរត់ទី២ – ចេញពីផ្សាររាត្រីមាត់ទន្លេផ្សារចាស់ឆ្ពោះ ទៅក្រុងតាខ្មៅខេត្តកណ្តាល និងខ្សែទី៣- ចេញពីផ្សាររាត្រីឆ្ពោះទៅផ្លូវកម្ពុជាក្រោម បន្តទៅរង្វង់មូលចោមចៅទើបនឹងត្រឡប់ មកចំណតដើមវិញ។ រថយន្តក្រុងទាំង៣ ខ្សែនេះមានចំណតសរុបទាំងអស់១៨៦ ប្រើប្រាស់រថយន្តចំនួន៤៥គ្រឿង ចំណែក តម្លៃធ្វើដំណើរក្នុងម្នាក់តម្លៃ១៥០០រៀល។ ចំពោះជនពិការ ចាស់ជរា ក្មេងតូច និង ព្រះសង្ឃមិនមានការយកកម្រៃទេ៕