ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ ការចាប់ខ្លួនមន្រ្តីក្រសួងការបរទេស មកពីការទទួលលុយពីក្រុមហ៊ុនបរទេស ដើម្បីប្រថាប់ត្រាបញ្ជាក់លើឯកសារ


(ភ្នំពេញ)៖ ក្រោយមានករណីអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមន្រ្តីក្រសួងការបរទសម្នាក់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ ភ្លាមៗក្រោយកើតហេតុ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានចេញសេចក្តីជូនព័ត៌មាន ប្រាប់ទៅថ្នាក់ដឹកនាំ និងមន្រ្តីរបស់ក្រសួងទាំងអស់ សូមកុំឲ្យមានការភ្ញាក់ផ្អើល។ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ថា «ការចាប់ខ្លួននេះ ដោយសារអង្គភាពប្រឆាំងអំពើពុករលួយ មានភស្តុតាងច្បាស់លាស់អំពីការទទួលលុយពីក្រុមហ៊ុនបរទេស ដើម្បីប្រថាប់ត្រាបញ្ជាក់លើឯកសារ ដែលមិនពាក់ព័ន្ធ នឹងក្រសួងការបរទេស» ។
បើតាមលោកឧបនាយករដ្ឋមន្រ្តី អង្គភាពប្រឆាំងអំពើពុករលួយ កំពុងបន្តស៊ើបអង្កេតទាក់ទងនឹងបញ្ហានេះ ។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះខាងអង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីក្រសួងការបរទេសម្នាក់ នាំចេញតាមរថយន្តយកទៅបាត់ ។
មន្ត្រីក្រសួងការបរទេសម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា មន្ត្រីក្រសួងការបរទេសដែលត្រូវខាងអង្គភាពប្រឆាំងអំពើពុករលួយ ចូលមកនាំខ្លួនដល់ក្នុងក្រសួងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ មិនទាន់ត្រូវបានគេប្រាប់ឈ្មោះឲ្យដឹងនៅឡើយទេ គ្រាន់តែគេដឹងថា មានឋានៈជាប្រធានការិយាល័យ៕