ឯកឧត្តម ជិន ម៉ាលីន បង្ហាញពីបេសកកម្មអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់សិក្ខាកាមសាលាភូមិន្ទរដ្ឋបាល


ភ្នំពេញ៖ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតីក្នុងបាឋកថាស្តីពីបេសកកម្មរបស់ អ.ដ.ក. ដល់សិស្សមន្ត្រី-កម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល។

បាឋកថានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីតួនាទី និងបេសកកម្មរបស់ អ.ដ.ក. ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដល់សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល ដើម្បីឱ្យពួកគេបានយល់ដឹងអំពីការអនុវត្ត និងទិសដៅការងាររបស់ អ.ដ.ក. ព្រមទាំងវឌ្ឍនភាពនៃការកែទម្រង់វិស័យយុត្តិធម៌ ជាពិសេសយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

កម្មវិធីនេះមានការចូលរួមពី ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការងនៃ អ.ដ.ក. ព្រមទាំងសិក្ខាកាមសរុបចំនួន ៩៥០ នាក់ ដែលចូលរួមដោយផ្ទាល់ ២២០ នាក់ និងតាមប្រព័ន្ធអនឡាញ ៧២៥ នាក់។