វប្បធម៌នៅក្នុងវិស័យមុខងារសាធារណៈ ជាពិសេសតាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល គឺវប្បធម៌គុណាធិបតេយ្យ


“វប្បធម៌នៅក្នុងវិស័យមុខងារសាធារណៈ ជាពិសេសតាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល គឺវប្បធម៌គុណាធិបតេយ្យ”។ នេះជាការលើកឡើងរបស់ឯកឧត្តម យក់ ប៊ុនណា ក្នុងសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា “ការកែទម្រង់ ការប្រឡង ៤២លើកនេះ បានធ្វើឱ្យគន្លងវប្បធម៌គុណាធិបតេយ្យ បានដុះឡើងនៅក្នុងរដ្ឋបាលសាធារណៈកម្ពុជា ហើយចង់ឱ្យគំនិតនេះ ក្លាយជាដើមឈើដ៏ត្រឈឹងត្រឈៃនៅក្នុងសង្គម ជាការកសាងវប្បធម៌មួយ ដែលត្រូវលើកកម្ពស់ និងទទួលស្គាល់អ្នកដែលមានស្នាដៃ អ្នកដែលមានគុណសម្បត្តិនៅក្នុងសង្គម។ យើងទទួលស្គាល់ យើងកសាងវប្បធម៌ដូច្នេះ គឺធ្វើឱ្យសង្គមយើងរឹងមាំ។”

ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា វប្បធម៌ទី២ ដែលត្រូវកសាងក្នុងរដ្ឋបាលសាធារណៈរបស់យើង គឺការកសាងវប្បធម៌គ្រប់គ្រងផ្អែកលើសមិទ្ធកម្ម យើងត្រូវផ្លាស់ប្តូររបៀបនៃដំណើរការតាមបែបប្រពៃណី ទៅជាការគ្រប់គ្រងផ្អែកលើសមិទ្ធកម្មជាក់លាក់។ យើងត្រូវបង្ហាញជាសមិទ្ធកម្ម សមិទ្ធកម្មជាបុគ្គល សមិទ្ធកម្មជាអង្គភាព សមិទ្ធកម្មជាក្រសួង ស្ថាប័ន សមិទ្ធកម្មជាប្រព័ន្ធរដ្ឋបាល នេះជាអ្វីដែលយើងគិតគូរ ហើយរាជរដ្ឋាភិបាល បានតម្រង់ទិសសម្រាប់ការកែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តមប្រចាំការ បានលើកឡើងទៀតថា យើងចាប់ផ្តើមកសាងវប្បធម៌នៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម យក់ ប៊ុនណា បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា “៤២លើក មានបេក្ខជនប្រហែល ១២ម៉ឺននាក់ បានផ្លាស់ប្តូរផ្នត់គំនិត ផ្លាស់ប្តូរវប្បធម៌ដែលតែងតែនិយាយថា ទាល់មានខ្សែ ទាល់មានលុយ បានប្រឡងជាប់ ទៅជាការប្រឡងជាប់ដោយសមត្ថភាព ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត។”