សម្តេចតេជោសែន អំពាវនាវយុវជនបញ្ចៀសអបាយមុខ


HS Call for 01 04 16 copy

     សម្តេច​តេ​ជោ​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អំពាវ​នាវ​ដល់​ក្រុម​យុវ​ជន ​ត្រូវ​ប្រឹង​ប្រែង​សិក្សា​ និង​ដើរ​ចៀស​ឱ្យ​ផុត​នូវ​អំពើ​អ​បាយ​មុខ​គ្រប់​បែប​យ៉ាង ​រួម​ទាំង​គ្រឿង​ញៀន​ផង​ដែរ ​។ ប្រ​សាសន៍​អំពាវ​នាវ​បាន​ធ្វើ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក ​នៅ​ថ្ងៃ​ទី​៣១ ខែ​​មីនា​នេះ ក្នុង​ស្ថាន​ការណ៍​ដែល​កម្ពុជា​កំពុង​មាន​សន្តិ​ភាព​ពេញ​លេញ និង​មិន​មាន​សង្គ្រាម​ដូច​ពី​អតីត​កាល​នោះ​ទេ​ ។

     យុវ​ជន​ជា​ច្រើន ក្រោយ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១៨ ខែ​​មីនា ​ឆ្នាំ ​១៩៧០​ ដែល​បាន​​អូស​កម្ពុជា​ឱ្យ​​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល មិន​មាន​ឱកាស​ដូច​យុវ​ជន​ក្នុង​សម័យ​បច្ចុ​ប្បន្ន​ សិក្សា​រៀន​សូត្រ​បាន​ពេញ​លេញ​នោះ​ទេ​ ។ ហ្វេស​ប៊ុក​សម្តេច​តេ​ជោ​សែន បាន​សរសេរ​ថា កាល​ពី​ជំនាន់​សង្គ្រាម​នោះ គឺ​យុវ​ជន​គ្មាន​ឪកាស​ធ្វើ​អ្វី​ក្រៅ​ពី​ការ​ត្រៀម​ខ្លួន​ចូល​ធ្វើ​កង​ទ័ព ហើយ​អ្នក​ដែល​មិន​បាន​ចូល​ធ្វើ​កង​ទ័ព ក៏​រង​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​សង្គ្រាម​នោះ​ផង​ដែរ​ ។ ប្រ​វត្តិ​សាស្ត្រ​បាន​សរសេរ​ថា ​សង្គ្រាម​ស៊ី​វិល​រយៈ​ពេល​ ២៨​ឆ្នាំ បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​១៩៩៨​… គឺ​នៅ​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ​ឆ្នាំ​ ១៩៩៨​ ដែល​មាន​ការ​ធ្វើ​សមា​ហរណ​កម្ម​ចុង​ក្រោយ​បំផុត​ នៃ​កម្លាំង​ខ្មែរ​ក្រ​ហម​ក្នុង​រាជ​រដ្ឋា​ភិបាល​ ។ ក្រោយ​សង្គ្រាម​ស៊ីវិល បាន​បញ្ចប់​នោះ​ហើយ ទើប​យុវជន​ខ្មែរ​បាន​មាន​ឱកាស​សិក្សា​ពេញ​លេញ​ ។​

     ហ្វេស​ប៊ុក​របស់​ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្រ្តី បាន​សរសេរ​អំពាវ​នាវ​ថា ​សូម​យុវ​ជន យុវ​នារី​កុំ​បណ្តោយ​ឱ្យ​បាត់​បង់​ឪកាស​ល្អ​ៗ​… ត្រូវ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ ហើយ​ត្រូវ​ចៀស​ឱ្យ​ផុត​ពី​អំពើ​អបាយ​មុខ​គ្រប់​បែប​យ៉ាង​ និង​គ្រឿង​ញៀន​គ្រប់​ប្រ​ភេទ​ ។