ទិដ្ឋភាពទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ


ទំនប់អាងទឹកតាសាល ដែលមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៥៤ លានម៉ែត្រគូប ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងក្នុងឆ្នាំ ២០១១ និងបានបញ្ចប់ការងារជំហានទី ១ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៤ ។ ការងារសាងសង់នៅជំហានទី ១ រួមមាន ៖ សាងសង់ទំនប់បេតុងកំពស់ ២១ ម៉ែត្រ បាតទំនប់ប្រវែងពី ៤០ ទៅ ៦០ ម៉ែត្រ ខ្នងលើ ៦ ម៉ែត្រ ប្រវែង ៧២០ ម៉ែត្រ សំណង់ដោះដីល្បាប់មានទ្វារ ៣ ចំនួន ០១ កន្លែង ទំនប់បង្ហៀរប្រវែង ៣០,៥០ ម៉ែត្រ ចំនួន ០១ កន្លែង និងសំណង់ទ្វារទឹកស្រោចស្រព ចំនួន ០១ កន្លែង ។
ក្រោយបញ្ចប់ការសាងសង់ជំហានទី ១ បច្ចុប្បន្ន អាងទឹកតាសាល កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយទឹកជំនន់នៅរដូវវស្សាផង និងផ្តល់ទឹកសម្រាប់ការស្រោចស្រពស្រូវវស្សា ចំនួន ៧.០០០ ហិកតា ស្រូវប្រាំង ៣.០០០ ហិកតា ពិសេសទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឺងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ ។