សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីអេឡិចត្រូនិក ឬវេប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ រួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការជក់បារីនៅតាមមូលដ្ឋាន ជាពិសេសបារី​អេឡិចត្រូនិក ឬវេប ដែលមានសិស្ស​សាលាច្រើន​បានប្រើប្រាស់ ដែលបារីទាំងអស់នេះហើយជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កាជក់បារី ការប្រើប្រាស់វេបនេះ ថ្ងៃមុនក្រសួងសុខាភិបាល, ឯកឧត្តម នេត សាវឿន បានដាក់គោលការគ្រប់គ្រងមើលក្មេងៗ តាមព័ត៌មាន​គឺសិស្សសាលាអីនេះ​គឺប្រើច្រើន ធ្វើមិចគ្រប់គ្រងឱ្យជាប់អារឿងការប្រើប្រាស់អាវេបនេះ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ សូមជួយពិនិត្យមើល ជាពិសេសក្មេងៗសិស្សសាលា ដែលមានការជក់បារី ជក់វែប ដោយសម្តេចថ្លែងថា សិស្សសាលា​មិនមែនហ៊ឺហារដោយសារជក់បារី ជក់វែប នោះទេ ភាពហ៊ឺហាររបស់សិស្សសាលាគឺជាភាពជោគជ័យនៃការសិក្សា ការរៀនសូត្រឱ្យបានពូកែ ទើបពិតជាភាពហ៊ឺហាររបស់សិស្សពិតប្រាកដ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ថ្ងៃមុនមានប្រទេសមួយនោះ ខ្ញុំទៅ ហើយមានក្រុមហ៊ុនវិស័យឯកជនរបស់គាត់ ហើយរហូតទៅដល់រដ្ឋមន្ត្រីរបស់គាត់ មកនិយាយជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សួរពីគោលការណ៍ដើម្បីមកផលិតបារីអគ្គិសនីនៅកម្ពុជា ខ្ញុំថា មិនបាច់ទេ ទោះបីផលិតនាំចេញក៏មិនបាច់ដែរ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជាមិនចាំបាច់ក្នុងការឱ្យមានក្រុមហ៊ុនផលិតបារីអគ្គិសនីនោះទេ គឺមានជម្រើសរាប់ពាន់មុខសម្រាប់ឱ្យគេមកវិនិយោគបាន ដូចនេះបើអត់មាន ក្រុមហ៊ុនមកផលិតបារីនៅកម្ពុជា ក៏កម្ពុជាមិនក្រនោះដែរ៕