សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានជំរុញឲ្យប្រជាពលរដ្ឋរួមគ្នាលេងកីឡាឲ្យបានច្រើន និងហាត់ប្រាណដើម្បីសុខភាព ខណៈអាជ្ញាធរត្រូវរៀបចំសួនច្បារឲ្យល្អដើម្បីពលរដ្ឋហាត់ប្រាណ។
សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសឲ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ នៅសណ្ឋាគារសូហ្វីតែល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវនេះខ្ញុំឃើញប្រជាពលរដ្ឋយើងគឺ កីឡាច្រើន សុខភាពច្រើន គឺលើកទឹកចិត្តបន្តទៅលើការងារនេះ ព្រោះកីឡាមិនមែនតែរឿងមហារីកទេ វាជួយរឿងច្រើនណាស់ ហើយបញ្ហាសុខភាព គឺជាបន្ទុកធ្ងន់ណាស់របស់រាជរដ្ឋាភិបាលទូទាំងពិភពលោក»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមើលឃើញថា នៅតាមបណ្ដារាជធានី-ខេត្ត បានរៀបចំសួនច្បារសាធារណៈ និងមានពលរដ្ឋហាត់ប្រាណច្រើនជាងមុន តាមរយៈការរៀបចំបរិស្ថានស្អាតមានសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណទៅកាន់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ និងស្នើឲ្យបន្តរៀបចំសួនច្បារសាធារណៈបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេសរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាព។
គួរជម្រាបថា កីឡាមិនត្រឹមតែជួយឲ្យមានរាងស្អាត និងសុខភាពល្អនោះទេ។ ទន្ទឹមនេះ តាមរយៈការហាត់ប្រាណ និងលេងកីឡាបានជួយដល់រាងកាយដូចជា ជួយឲ្យអារម្មណ៍ប្រសើរឡើង ជួយឲ្យគេងលក់ស្កប់ស្កល់ កាត់បន្ថយភាពតានតឹង ប្រឆាំងជម្ងឺបាក់ទឹកចិត្ត និងមានភាពរហ័សរហួន។ ការបង្កើតសកម្មភាពកីឡាជាប្រចាំថ្ងៃបានការពាររាងកាយពី ជំងឺពុកឆ្អឹង ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងការពារសម្ពាធឈាមកុំឲ្យឡើងខ្ពស់៕