ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ​ «កម្មសិទ្ធបញ្ញា​និងតូរ្យតន្រ្តី​»


នាព្រឹកថ្ងៃទី​០៥ ខែឧសភា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ លោកជំទាវ​ ចម​ និម្មល​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តម​ ហែម​ វណ្ឌី​ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និងឯកឧត្តម​ Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា បានអញ្ជេីញចូលរួមជាគណៈអធិបតី ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥​៖ ពិធីសម្ពោធ​ និងការតាំងពិព័រណ៍នៃផលិតផលសម្គាល់ភូមិសាស្រ្ត​ សម្រាប់គម្រោងកម្មសិទ្ធិបញ្ញា​ ផលិតផល​ និងស្នាដៃសិល្បៈ​ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប​។

ស្ថិតក្រោមមូលបទ​ «កម្មសិទ្ធបញ្ញា​និងតូរ្យតន្រ្តី​» ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម​ ដែលបានផ្ដួចផ្ដើមប្រារព្ធពិធីនេះ​ឡេីង​ ដេីម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់បន្ថែមទៀតអំពីកម្មសិទ្ធិបញ្ញា​ជាសកល​។

នៅក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា កម្មសិទ្ធិបញ្ញាក៏ជាការងារសំខាន់ដែលក្រសួងយកចិត្តទុកដាក់។ តាមរយៈទាមទារការចុះបញ្ជីកម្មសិទ្ធិបញ្ញាលើប្រភេទពូជដំណាំរបស់កម្ពុជា​ កសិផលកម្ពុជា​ មិនត្រឹមតែអាចទទួលបានតម្លៃបន្ថែមខ្ពស់ប៉ុនណោះទេ​ តែថែមទាំងអាចជួយជំរុញការកែច្នៃលេីផលិតផលកសិកម្មបានផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួម​គាំទ្រដល់កសិផលកម្ពុជា​ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ កន្លងមករួមមាន៖​ ម្រេចកំពត​ ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ជាដេីម​។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី កម្មសិទ្ធិបញ្ញាមិនអាចកេីតឡេីងដោយឯកឯងនោះទេ​។ វាទាមទារការវិនិយោគ​និងការស្រាវជ្រាវពិតប្រាកដ​ ដើម្បីឈានទៅទទួលបានការទទួលស្គាល់​ និងការការពារពីការលួចបន្លំ​​។ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង​ និងជំរុញការការពារកម្មសិទ្ធិបញ្ញានៃផលិតផលកម្ពុជា​ និងចូលរួមអភិវឌ្ឍ កែច្នៃ​ ដេីម្បីទទួលបានតម្លៃបន្ថែមខ្ពស់​៕