សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា ប្រព័ន្ធគាំពារសង្គម បានរួមចំណែកដ៏សំខាន់ជួយដល់ប្រជាពលរដ្ឋកម្ពុជារាប់សិបលាននាក់ ក្នុងពេលជួបវិបត្ដិនានាជាយថាហេតុ។ ជាមួយគ្នានេះប្រព័ន្ធគំាពារសង្គម បានចូលរួមកាត់បន្ថយភាពក្រីក្រ ជាពិសេសធានាការគាំពារផ្នែកថែទាំសុខភាព ចាប់តាំងពីពេលចាប់កំណើតរហូតដល់ទទួលមរណភាព ដែលអាចកំណត់ថាជា “អភិក្រមនៃវដ្តជីវិត” ដែលមានបណ្ដុំហានិភ័យតាមដំណាក់កាលចំនួន ៧ រួមមាន មាតុភាព និងហានិភ័យកុមារភាព, ហានិភ័យសុខភាព, ហានិភ័យការងារ, ពិការភាព, និកម្មភាព, ភាពគ្មានជម្រកនិងជរាភាព និងឧត្ដរជីវី។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់នីតិកាល ជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើមូលធនមនុស្ស ដោយកំណត់យក “មនុស្ស” ជាគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ដោយបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋពេញមួយជីវិត។ ប្រព័ន្ធគាំពារសង្គម មិនត្រឹមជាសំណាញ់សុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែជាក្បាលម៉ាស៊ីន នៃសមធម៌សង្គម និងភាពធន់នៃសេដ្ឋកិច្ច។
ក្នុងនាមរដ្ឋសភានិងជាតំណាងឱ្យប្រជាពលរដ្ឋកម្ពុជា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយប្រព័ន្ធគាំពារសង្គម ហើយរដ្ឋសភានឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសហការ និងគាំទ្រ ដើម្បីធានាថាប្រព័ន្ធនេះសម្រេចបាន នូវសក្តានុពលពេញលេញ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូបនិងគ្រប់មជ្ឈដ្ឋាន។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍បែបនេះ នៅក្នុងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីវេទិកាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា » នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា(គណៈកម្មការទី៨នៃរដ្ឋសភា) សហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ប្រព័ន្ធគាំទ្រសង្គមនៅកម្ពុជាមានប្រវត្តិជាយូរលង់មកហើយ។ ក្នុងយុគសម័យនៃដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ តាមរយៈ ការរៀបចំតាក់តែងច្បាប់ កម្មវិធីនយោបាយ យុទ្ធសាស្រ្ត និងគោលនយោបាយនានាជាច្រើន។ ក្នុងឆ្នាំ២០១៩ ក្រោយពី “ច្បាប់ស្ដីពីរបបសន្ដិសុខសង្គមថ្មី” ត្រូវបានរដ្ឋសភាអនុម័ត ការគាំពារសង្គមបានវិវត្ត និងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសលើវិសាលភាពគ្របដណ្តប់នៃសេវា ដោយបានពង្រីកការអនុវត្តលើវិស័យឯកជន រហូតគ្របដណ្តប់លើវិស័យសាធារណៈនៅឆ្នាំ២០២៤ ដោយពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។
ក្នុងនាមជាតំណាងរាស្រ្ត និងជាតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល សម្តេចរដ្ឋសភាធិបតី បានថ្លែង អំណរគុណ និងដឹងគុណជាអនេកប្បការចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលមិនត្រឹមតែបានតស៊ូ លះបង់ និងរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងបានការពារ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យមានការរីកចម្រើនជឿនលឿន រហូតបច្ចុប្បន្ន ជាពិសេសតែងគិតគូរនិងយកចិត្តទុកខ្ពស់ចំពោះសុខុមាលភាព វិបុលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនគ្រប់រូប។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងការនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមពលខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ ដែលបានដាក់ចេញ នូវទិសដៅ «កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ» ហើយបានប្តេជ្ញាបន្តអនុវត្ត ពង្រឹងនិងពង្រីកប្រព័ន្ធគាំពារសង្គមនេះឱ្យកាន់តែប្រសើរ និងទូលំទូលាយថែមទៀត ដោយ «មិនទុកពលរដ្ឋណាម្នាក់ចោល» ក្រោមពាក្យស្លោក “មានបេឡាសន្តិសុខសង្គម ឬ ប.ស.ស មានការគាំពារគ្រប់ពេលវេលា”។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះរាជរដ្ឋាភិបាល ដែលមានក្រុមប្រឹក្សាជាតិគាំពារសង្គមជាសេនាធិការដឹកនាំ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានសម្រេច នូវសមិទ្ធផលជាច្រើន ជាពិសេសការជួយទប់ស្កាត់ភាពក្រីក្រ និងងាយរងគ្រោះពីការធ្លាក់ចូល ក្នុងភាពក្រីក្រកាន់តែខ្លាំងក្នុងអំឡុងវិបត្តិធំៗ នាពេលកន្លងមក រួមមាន វិបត្តិដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ សម្ពាធអតិផរណា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ជាដើម។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ប្រព័ន្ធគាំពារសង្គមកម្ពុជាកាន់តែមានភាពធន់រឹងមាំ មានសមាហរណកម្ម ប្រសិទ្ធភាព និងវិសាលភាពកាន់តែទូលំទូលាយជាងមុន។
សូមជម្រាបថានៅវេទិកាផ្សព្វផ្សាយ ស្តីពី «ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា » បានបង្ហាញពី សមិទ្ធផលគួរឱ្យកត់សម្គាល់ពីជោគជ័យប្រព័ន្ធគំាពារសង្គម ដែលសម្រេចបាននៅក្នុងនោះរាជរដ្ឋាភិបាល បានពង្រីករបបសន្តិសុខសង្គម (ប.ស.ស) បានគ្របដណ្តប់លើកម្លាំងពលកម្ម សំខាន់ៗ ដោយការចាប់ផ្តើមជាមួយនឹងគម្រោងហានិភ័យការងារក្នុងឆ្នាំ២០០៨ និងពង្រីកដល់ការថែទាំសុខភាពនៅឆ្នាំ២០១៦។ គិតត្រឹមឆ្នាំ ២០២៤ បេឡាជាតិរបបសន្តិសុខសង្គមមាន ៣៨ ទីតាំង និងមានបុគ្គលិកជាង ២ ២៨៥ នាក់។ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការគម្រោងប្រាក់សោធននិវត្តន៍ ចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២២ ដោយផ្តល់សន្តិសុខហិរញ្ញវត្ថុសម្រាប់អ្នកចូលនិវត្តន៍ ដោយប្រាក់ទទួលបានចាប់ផ្តើមពី ២ ៦០០ រៀលក្នុងមួយខែ ជាមួយការទូទាត់ពីរដងក្នុងមួយខែ។
សមិទ្ធផលសំខាន់ៗផ្សេងទៀតអំពីប្រព័ន្ធគំាពារសង្គមមានដូចជា ការធ្វើឱ្យប្រសើរឡើង នូវការគ្របដណ្តប់លើការថែទាំសុខភាព រួមមាន មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងមានចំនួន ១ ៥៩៦ នៅទូទាំង ២៥ រាជធានី ខេត្ត ដែលធានាលទ្ធភាពផ្ដល់សេវាវេជ្ជសាស្រ្ត សម្រាប់សមាជិក។ នៅឆ្នាំ២០២៤ សមាជិកបេឡាជាតិរបបសន្តិសុខសង្គមបានប្រើប្រាស់សេវាថែទាំសុខភាពប្រមាណ ៧,៧៧ លានដង ដែលស្មើនឹងការចំណាយប្រហែល ១៦២.៥៥ លានដុល្លារ។ ការពង្រឹងការគាំទ្រសម្រាប់មាតានិងទារក គិតត្រឹមខែមេសា ឆ្នាំ២០២៥ មាតាចំនួន ៦៤០ ០០០នាក់ និងទារកចំនួន ៦៦០ ០០០នាក់ បានទទួលអត្ថប្រយោជន៍ពីគម្រោងនេះ ជាមួយនឹងការផ្តល់ថវិកាសរុបចំនួន ៣៣០ ពាន់លានរៀល។
កម្មវិធីកញ្ចប់គ្រួសារបានផ្តល់ជំនួយជាសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ប្រមាណ ១,១លាននាក់ ដែលជាគ្រួសារសមាជិក ប.ស.ស និង មូលនិធិសមធម៌។ គិតត្រឹមខែមករា ឆ្នាំ២០២៥ អត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមក៏ត្រូវបានពង្រីក ដោយរួមបញ្ចូលប៉ូលីសស្រ្តី និងមន្ត្រីពន្ធនាគារផងដែរ។ បានអនុវត្តការពិចារណាជាពិសេសសម្រាប់កម្មករមានផ្ទៃពោះ។ គោលការណ៍ទាំងនេះផ្តល់នូវការឈប់សម្រាកបន្ថែម ការឈប់សម្រាកលំហែមាតុភាពជាមួយនឹងប្រាក់បៀវត្សរ៍ ១២០% និងជំនួយហិរញ្ញវត្ថុសម្រាប់ការថែទាំមុនពេលសម្រាល និងក្រោយពេលសម្រាល ព្រមទាំងហាមឃាត់យ៉ាងតឹងរ៉ឹងនូវការរើសអើង។ កម្មវិធីជំនួយសង្គម បានអនុវត្តក្នុងអំឡុងពេលជំងឺរាតត្បាតកូវីត ១៩ និងអំឡុងពេលនៃអតិផរណា រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ដើម្បីគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ។
ចំណែកកម្មវិធីជំនួយសង្គមជាតិ (កញ្ចប់គ្រួសារ) បានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៤ និងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារប្រមាណ ៧០០ ០០០ ដែលមានប័ណ្ណសមធម៌ ដោយរួមបញ្ចូលជំនួយសង្គមផ្សេងៗ រួមទាំងការគាំទ្រដល់ស្ត្រីមានផ្ទៃពោះ សិស្ស និស្សិត ជនពិការ និងមនុស្សចាស់។ គិតដល់ត្រឹមចុងឆ្នាំ ២០២៤ កម្មវិធីជំនួយសង្គមជាតិបានពង្រីកដល់ ៨ កម្មវិធីគ្របដណ្តប់ ១,២លានគ្រួសារ ដែលមានសមាជិកជាង ៤,៨ លាននាក់។
តាមរបាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាជនចំនួន ២ ៧៧៦ ១៩២នាក់ (ប្រហែល ២០%) នៃចំនួនប្រជាជនសរុបគឺ ជាសមាជិកនៃបេឡាជាតិរបបសន្តិសុខសង្គមនៅក្នុងនោះ ២ ១០១ ៧៩៨ នាក់ គឺជាបុគ្គលិកសេដ្ឋកិច្ចនៅក្នុងប្រព័ន្ធ ហើយ ៤៩៩ ៩៧៩ នាក់ គឺជាមន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ហើយ ១៧៤ ៤១៥ គឺជាសមាជិកក្នុងបន្ទុកគ្រួសារ។ ទឹកប្រាក់ប្រមាណ ១ ១៤០ ពាន់លានរៀល (ប្រមាណ ២៨៥ លានដុល្លារ) បានបែងចែកទៅដល់កម្មវិធីជំនួយសង្គម និង ២ ២៩៧ ពាន់លានរៀល (ប្រមាណ ៥៧៤ លានដុល្លារអាមេរិក) ទៀតសម្រាប់បេឡាជាតិរបបសន្តិសុខសង្គម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គមត្រូវបានជ្រើស ជាប្រធានបទមួយ ក្នុងចំណោមប្រធានបទចំនួន ៣ ដ៏សំខាន់របស់ជាតិ ដែលនឹងត្រូវលើកយកទៅពិភាក្សាក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា នាដើមខែមិថុនា ខាងមុខនេះ។ វេទិកាថ្ងៃនេះរៀបចំឡើងមិនត្រឹមតែ ដើម្បីអបអរសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាស សម្រាប់ការពិភាក្សាបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគំាពារសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់ចោល” រួមនឹងទស្សនវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន៕