ឥណ្ឌូនេស៉ី គាំទ្រកម្ពុជាចំពោះការសម្រេចយកសំណុំរឿងព្រំដែនជាមួយថៃ ទៅ ICJ


(ភ្នំពេញ)៖ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានបង្ហាញការគាំទ្រកម្ពុជាចំពោះការសម្រេចយកសំណុំរឿងព្រំដែនជាមួយប្រទេសថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

នៅក្នុងវេទិកាក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតឥណ្ឌូនេស៊ី ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូនេស៊ី។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងថា ការសម្រេចនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលកំពុងមានបញ្ហាជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងថា កន្លងមក ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក៏ធ្លាប់នាំយកសំណុំរឿងជម្លោះរបស់ខ្លួនទៅដោះស្រាយគ្នានៅតុលាការអន្តរជាតិក្រុងឡាអេនេះផងដែរ។

«នេះជាដំណោះស្រាយដ៏ល្អមួយ»។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់បែបនេះ។

សូមរំលឹកថា តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោយពីត្រឡប់ពីបំពេញ បេសកកម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ ថ្នាក់ដឹកនាំកងទ័ពនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍ ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដូចអ្វីដែលសម្តេចបានបញ្ជាក់ នាពេលកន្លងទៅ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល។

ឈរលើស្មារតីខាងលើនេះ សម្តេចមហាបវរធិបតី បានបញ្ជាឱ្យគណៈ កម្ម ការ ព្រំដែនចម្រុះ (JBC) កម្ពុជាធ្វើកិច្ចការចំនួនពីរដូចខាងក្រោម៖

១៖ រៀបចំការប្រជុំ JBC ជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែន និង បន្តការងារវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេស ទាំងពីរ។

២៖ ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការ យក បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅ តុលា ការ យុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង៕