ឯកឧត្តម​ សួស​ យ៉ារ៉ា​ បានអញ្ជេីញទៅចូលរួមគោរពវិញ្ញាណក្ខន្ត​ ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ


នៅព្រឹកថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្តម​ សួស​ យ៉ារ៉ា​ ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី​ បានអញ្ជេីញទៅចូលរួមគោរពវិញ្ញាណក្ខន្ត​ ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៤០ នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។

យើងខ្ញុំមានសេចក្តី រន្ធត់ក្ដុកក្ដួលក្រៀម​ក្រំយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងអំពីមរណភាពរបស់ ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន
ក្នុងវេលាដ៏សែនសោកសង្រេងនេះ យើងខ្ញុំសូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារ ចំពោះការ​បាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់បំផុត ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះក្រុមគ្រួសារ និងជាការបាត់បង់ ធនធានដ៏កម្រមួយរូប ដែលជាស្ថាបនិកសហព័ន្ធក្បាច់គុនល្បុក្កតោ និងសាលាល្បុក្កតោកម្ពុជា។
វីរៈភាព និងពលិកម្មពេញមួយជីវិតរបស់ ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ក្នុងបេសកកម្ម គាស់កកាយក្បាច់គុនល្បុក្កតោដ៏ចំណាស់របស់កម្ពុជា យកមកផ្សព្វផ្សាយឡើងវិញ និងការព្យាយាមបំផុស គំនិតអភិរក្សក្បាច់គុនល្បុក្កតោដល់យុវជនជំនាន់ក្រោយ ពិតជាមានគុណតម្លៃមិនអាចកាត់ថ្លៃ និងបំភ្លេចបាន។ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន សូមលោកបានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។