គណៈកម្មការទី៣ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល


នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងគណៈកម្មការនានានៃព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីពិនិត្យពិភាក្សាលេីសេចក្តីព្រាងច្បាប់ស្តីពីជលផល នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។

សេចក្តីព្រាងច្បាប់ស្តីពីជលផលនេះ រួមមាន១៥ជំពូក ១០៤មាត្រា និងមានឧបសម្ព័ន្ធចំនួន២ ដែលរៀបចំឡើងក្នុងគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករ ស្របតាម
បរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា និងចូលរួមក្នុងការគ្រប់គ្រងនិងអភិរក្សធនធានជលផល ប្រកបដោយនិរន្តរភាពក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ជាពិសេសប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទ ខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ៕