ឯកឧត្តម រ៉ូហ្វី អូស្មាន អញ្ជើញប្រគល់គោ – ពពែ គួរបានចំនួន ៥៨០ ក្បាល ជូនសាសនិកឥស្លាមមកពីខេត្តកំពត កែប និងតាកែវ


កំពត៖ នៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់គោគួរបាន ចំនួន ២៥០ក្បាល និងពពែ ៣០០ ក្បាល ជូនតំណាងសាសនិកឥស្លាមមកពីខេត្តកំពត កែប និងតាកែវ សម្រាប់សម្លេះ ក្នុងពិធីបុណ្យអីឌុលអាត់ហា ( រ៉យ៉ាហាជ្ជី ) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។

ពិធីខាងលើ ធ្វើឡើងស្ថិតនៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដែលកម្មវិធីនេះបានទទួលបានពី សប្បុរសជននៃប្រទេសម៉ាឡេស៊ី និងប្រទេសិង្ហបុរី តាមរយៈគ្លីនិក ម៉ើរ ឌល់សេត គិតជាទឹកប្រាក់ប្រមាណ ១៥០,០០០$ ( មួយរយហាសិបពា់ដុល្លាអាមេរិក) ។ 

ក្នុងពិធីនេះ ក៏មានមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាត់សេត តំណាងរាស្ត្រខេត្តកំពត លោក អ៉ីត ហ៊ីម អ៉ីម៊ាំខេត្តកំពត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអមដំណើរ អាជ្ញាធរមូលដ្ឋាន និងហាកឹមតួន ដែលជាតំណាងប្រជាពលរដ្ឋនៃខេត្តទាំបីខាងលើ។

ក្នុងឱកាសនោះ ឯកឧត្តម រ៉ូហ្វី អូស្មាន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្ដីនឹករលឹកជាទីបំផុត។

ឯកឧត្តមបានលើកឡើង អំពីការរីកចម្រើនលើគ្រប់វិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីនិងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងធ្វើឱ្យប្រទេសទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។ 

ឯកឧត្តម បានបន្តអំពាវនាវអោយប្រជាពលរដ្ឋយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងការថែរក្សាសុខភាព និងបញ្ជូនកូនចៅចូលសាលាអោយបានគ្រប់ៗគ្នា ដើម្បីអនាគតគ្រួសារ និងភាពរីកចម្រើនរបស់សង្គមជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម រ៉ូហ្វី អូស្មាន បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី និងសិង្ហបុរី និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលតែងតែផ្តល់ជំនួយ និងធ្វើសម្មភាពភាពមនុស្សធម៍ជាច្រើន នៅក្នុងសហគមន៍ឥស្លាមកម្ពុជា ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល ជាមួយរាជរដ្ឋាភិបាល។

នៅទីបញ្ចប់ ឯកឧត្ដម រ៉ូហ្វី អូស្មាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។

យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឲ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឲ្យកម្ពុជាប្តឹង។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។

យើងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឲ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឲ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។

យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត៕