រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញជាអធិបតី បើកជាផ្លូវការវេទិកា អភិបាលកិច្ច និងរចនាសម្ព័ន្ធស្រាវជ្រាវនៅអាស៊ី លេីកទី២ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកជាផ្លូវការវេទិកា អភិបាលកិច្ច និងរចនាសម្ព័ន្ធស្រាវជ្រាវនៅអាស៊ី Gouvernance et Structuration de la Recherche en Asie លើកទី២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សាកលវិទ្យាធិការ ថ្នាក់ដឹកនាំ តំណាងគ្រឹះស្ថានឧត្តមសិក្សាជាសមាជិកនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) មកពីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកស្រាវជ្រាវអន្តរជាតិ សាស្ត្រាចារ្យ និងនិស្សិតប្រមាណជិត៣០០នាក់ បានចូលរួមដោយផ្ទាល់ និងតាមអនឡាញ។

នាឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវមោទនភាព និងភាពរីករាយយ៉ាងក្រៃលែងក្នុងការស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់មកកាន់ប្រទេសកម្ពុជា និងបានថ្លែងអំណរគុណចំពោះទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងបណ្ឌិតសភាអន្តរជាតិហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ (AIFS) ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការស្រាវជ្រាវបែបពហុភាសា និង បរិយាបន្ននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បន្ថែមពីនេះ ការជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនីដ៏រឹងមាំក្នុងការស្រាវជ្រាវ ក៏ដូចជាការកើនឡើងនៃសារៈសំខាន់របស់ទ្វីបអាស៊ីនៅក្នុងនិន្នាការវិទ្យាសាស្ត្រសកល។

វេទិកានេះ បង្កើតឡើងក្នុងបរិបទអន្តរជាតិលើការពិចារណាស្តីអំពីអភិបាលកិច្ចនិងរចនាសម្ព័ន្ធស្រាវជ្រាវដឹកនាំដោយបណ្ឌិតសភាអន្តរជាតិហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ (AIFS) បង្កើតឡើងដោយ AUF ក្នុងគោលបំណងជ្រោមជ្រែងដល់សាកលវិទ្យាល័យនានាក្នុងការកសាងរចនាសម្ព័ន្ធពាក់ព័ន្ធនឹងនយោបាយស្រាវជ្រាវ ផ្សារភ្ជាប់នឹងអាទិភាពក្នុងតំបន់។

នាឆ្នាំ២០២៤កន្លងទៅ AIFS បានរៀបចំវេទិកាថ្នាក់តំបន់នៅវិទ្យាស្ថានពហុបច្ចេកទេសទីក្រុងហាណូយ ប្រទេសវៀតណាម ។ ដោយឡែកឆ្នាំ២០២៥នេះ ការរៀបចំវេទិកា អភិបាលកិច្ច និងរចនាសម្ព័ន្ធស្រាវជ្រាវនៅអាស៊ីលើកទី២ មានតំណាងគ្រឹះស្ថានឧត្តមសិក្សាជាច្រើនមកពីប្រទេសកម្ពុជា ចិន វៀតណាម កូរ៉េ ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ និងអ្នកជំនាញផ្នែកស្រាវជ្រាវអន្តរជាតិជាច្រើនរូបមកពីប្រទេសបារាំង និងផ្តោតលើប្រធានបទចំនួនពីរ៖

១៖ ការវាយតម្លៃការស្រាវជ្រាវផ្តោតលើការទទួលស្គាល់ជាលក្ខណៈពហុស្ថាប័ននៃផលិតផលវិទ្យាសាស្ត្រ។
២៖ អន្តរជាតិភាវូបនីយកម្ម រួមមានការកសាងយុទ្ធសាស្ត្រជាដៃគូរ សម្រួលដល់ពហុភាសាវិទ្យាសាស្ត្រ។

គូរបញ្ជាក់ផងដែរថា វេទិការនេះគឺជាលំហនៃការពិចារណានិងកសាងរួមគ្នា ការផ្លាស់ប្តូរនិងផ្តល់ជាអនុសារណៈទាំងឡាយ ដើម្បីស្នើឡើងជាយុទ្ធសាស្រ្តអន្តរជាតិរបស់ AUF និងចែករំលែក នាឱកាសសាកលវិទ្យាល័យរដូវក្តៅហ្វ្រង់កូហ្វូនី ដែលនឹងប្រព្រឺត្តិទៅក្នុងឆ្នាំនេះនាទីក្រុងបៃរូ ប្រទេសលីបង់៕