ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាឡង់បូមសម្រួលចរន្តទឹក សម្រាប់បម្រើឱ្យកិច្ចអន្តរាគមន៍ការងារជលសាស្ត្រ


នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ នៅបរិវេណមាត់ទន្លេ នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ (ចាក់អង្រែ) ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាឡង់បូមសម្រួលចរន្តទឹក ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងធនធានទឹក និងឧតុនិយមជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម។ ក្រៅពីម៉ាស៊ីនបូមទឹកសម្រាប់កិច្ចអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវ សាឡង់បូមសម្រួលចរន្តទឹកនេះគឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើឱ្យកិច្ចអន្តរាគមន៍ការងារជលសាស្ត្រ ដើម្បីជួយសម្រួលចរន្តទឹកហូរ ដែលជាវិធានការមួយដ៏ចាំបាច់របស់ក្រសួង នៅក្នុងការកាត់បន្ថយឱ្យបានជាអតិបរមានូវការហូរច្រោះ និងការបាក់ដីច្រាំងទន្លេឬស្ទឹង ដែលបានបង្កការខូចខាតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានស្នើឱ្យនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ធ្វើយ៉ាងណាប្រើប្រាស់សាឡង់បូមសម្រួលចរន្តទឹកឱ្យបានចំទិសដៅ ដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងប្រសិទ្ធភាពការងារ លើសពីនេះត្រូវធ្វើការថែទាំជាប្រចាំ ដើម្បីធានានិរន្តភាពនៃការប្រើប្រាស់បានយូរអង្វែង។

សូមជម្រាបថា សាឡង់បូមសម្រួលចរន្តទឹកនេះបាននាំចូលពីប្រទេសចិន តាមរយៈក្រុមហ៊ុន Shandong Haohai Dredging Equipemnt Co, Ltd. មានប្រវែងបណ្តោយ ៤២,៨ ម៉ែត្រ និងទទឹង ៧,១ម៉ែត្រ មានលំហូរបូមអតិបរមា ៥០០ម៉ែត្រគូបក្នុងមួយម៉ោង និងអាចបូមបានជម្រៅរហូតដល់ ១៤,៩ម៉ែត្រ មានសមត្ថភាពអាចបូមខ្សាច់ទន្លេ ឬដីភក់ក្នុងទន្លេមេគង្គ និងបឹងទន្លេសាប ដែលជាតំបន់មានដីភក់ច្រើន។ សាឡង់នេះបានបំពាក់ដោយម៉ាស៊ីន Cummins របស់អាមេរិកចំនួន ២គ្រឿង ក្នុងនោះ ម៉ាស៊ីនទី១ មានកម្លាំង ៧៤៦ គីឡូវ៉ាត់ និងម៉ាស៊ីនទី២ មានកម្លាំង ២៦១គីឡូវ៉ាត់ ដែលមានបំពង់បូមប្រវែងសរុប ៥២៥ម៉ែត្រ ជាមួយអង្កត់ផ្ចិតខាងក្នុង ៤៥០មីលីម៉ែត្រ៕