ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែង លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលទើបទទួលបានការតែងតាំង។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, ប្រធានមន្ទីរជំនាញជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សាក្រុង ស្រុក, អភិបាលនៃគណៈអភិបាលក្រុង ស្រុក,ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់, តំណាងកងកម្លាំងទាំងបីប្រភេទ, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ សរុបប្រមាណ ២៥០នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពីការតែងតាំង លោក តាន់ វាសនា ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ។ ជាមួយគ្នានោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់អនុក្រឹត្យ និងត្រារបស់មន្ទីរជូនលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរអភវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលទើបចូលកាន់តំណែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលបានផ្ដល់នូវសេចក្ដីទុកចិត្តតែងតាំងរូបលោក ជាប្រធានមន្ទីរ។ លោកបានប្ដេជ្ញាចិត្តខិតខំឱ្យអស់ពីកម្លាំង កាយចិត្ត បំពេញតួនាទី ភារកិច្ចក្នុងជានាមសេនាធិការបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសុច្ចរិត ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តកំពង់ធំ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជននៅទូទាំងខេត្ត។ បន្ទាប់មកពីការប្តេជ្ញាចិត្តរបស់លោកប្រធានមន្ទីររួចមក ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់អង្គពិធី និងធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ ស្ថានភាពសង្គម សេដ្ឋកិច្ច និងសមិទ្ធផលរីកចម្រើននានាលើគ្រប់វិស័យដែលរដ្ឋបាលខេត្តសម្រេចបាន ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណៈ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃកម្រិតជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងខេត្ត។
បន្ទាប់ពីបានស្ដាប់នូវការប្ដេជ្ញាចិត្ត និងសុន្ទរកថាស្វាគមន៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបាន ទាំងផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងបានថ្លែងការកោតសរសើរ និងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ លោក មុំ ចែម អតីតប្រធានមន្ទីរ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដែលសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ រួមមានហេដ្ឋារចនាសម្ព័ន្ធជនបទដូចជា ផ្លូវថ្នល់ អណ្ដូងទឹក បង្គន់អនាម័យ ការងារអភិវឌ្ឍន៍សគមន៍ នៅតាមតំបន់ជនបទ ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងម៉ឹងម៉ាត់ថែរក្សាកេរដំណែលជាប្រវត្តិសាស្រ្ត ដែលកសាងឡើងដោយរាជរដ្ឋាភិបាលនីតិកាលកន្លងមក ជាពិសេសការពារសុខសន្តិភាព ឯករាជ្យ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការខិតខំអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខ និងមាននិរន្តរភាព ស្របតាមនិន្នាការ នយោបាយ សេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា ដោយការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា, និងមានបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យ“កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។ ជាមួយគ្នានោះដែរ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្ម ក្រោមចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព”តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍គន្លឹះជូនចំពោះប្រធានមន្ទីរអភិវឌ្ឍន៍ជនបទដែលទើបទទទួលបានការតែងតាំង ដើម្បីជាត្រីវិស័យច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ចឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពដូចខាងក្រោម៖
១. ត្រូវពង្រឹងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងអង្គភាព ដោយមានចក្ខុវិស័យ គោលដៅ យុទ្ធសាស្ត្រ ត្រួតពិនិត្យ វាយតម្លៃ និងធ្វើការកែលម្អជាប្រចាំ ឈរលើតួនាទី និងភារកិច្ចរបស់អង្គភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តមអភិបាលខេត្ត
២.ត្រូវស្វែងយល់បានច្បាស់លាស់នូវតួនាទី និងភារកិច្ចរបស់អង្គភាព ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព ប្រកដោយឆន្ទៈមុះមុត ស្រមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី គឺ “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍”
៣.ត្រូវចេះលើកចិត្តដល់មន្ត្រីក្រោមឱវាទនៅក្នុងមន្ទីរ ឱ្យចូលរួមនូវរាល់សកម្មភាពការងារ ដោយឈរលើគុណវុឌ្ឍិ និងបទពិសោធន៍ របស់បុគ្គលជាចម្បង
៤. ត្រូវក្តាប់ឱ្យបាននូវទិន្នន័យប្រជាសាស្ត្រ ភូមិសាស្ត្រ សមិទ្ធផល និងតម្រូវការអភិវឌ្ឍន៍ជនបទរបស់ខេត្ត ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ឱ្យចំគោលដៅ
៥. ខិតខំកៀរគរដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដើម្បីចូលរួមគាំទ្រ និងអនុវត្តសកម្មភាពអភិវឌ្ឍន៍ជនបទនៅទូទាំងខេត្តឱ្យសម្រេចបានជោគជ័យ ស្របតាមគោលការណ៍ “អ្នកដែលមានសត្រូវរួម ឬសមរភូមិរួមរបស់យើង គឺជាមិត្តរបស់យើង”
៦. ត្រូវធ្វើជាសេនាធិការបច្ចេកទេសដ៏ល្អ ជាមួយរដ្ឋបាលខេត្ត និងលើកម្ពស់កិច្ចសហការល្អជាមួយអង្គភាព/មន្ទីរជំនាញនានា ជុំវិញខេត្ត ដើម្បីប្រសិទ្ធភាពការងារខ្ពស់ និងទទួលបានការគាំទ្រពីប្រជាជន ដោយកុំសួរថាតើជាតិត្រូវជួួយអ្វីខ្លះដល់យើង ប៉ុន្តែត្រូវមានជំហរថាតើយើងអាចធ្វើបានអ្វីខ្លះជូនជាតិ ព្រមទាំងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ គឺ “មន្ដ្រីគឺជាអ្នកបម្រើដ៏ល្អនិងស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ” ។
៧. ត្រូវចេះដឹងគុណថ្នាក់ដឹកនាំជំនាន់មុនៗ និងថែរក្សាសមិទ្ធផលពីមុនឱ្យបានគង់វង្ស ព្រមទាំងត្រូវចេះថែរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អដើម្បីបង្កើនភាពរឹងមាំ និងប្រសិទ្ធភាពរបស់អង្គភាពសំដៅឆ្លើយតបនឹងភារកិច្ចដែលគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាក្រសួងប្រគល់ជូន ដោយមិនត្រូវដណ្ដើមស្នាដៃតែម្នាក់ឯង ឬ “កើតជំងឺតួឯក”ឡើយ៕