អបអរសាទរពិធីបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកម្មវិធីអភិវឌ្ឍន៍ នៅក្នុងខេត្តស្ទឹងត្រែង


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព នៅក្នុងខេត្តស្ទឹងត្រែង។

ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណអនុវិទ្យាល័យវាលដេញ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង, ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត, សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំអនុត្តកម្មវិធីតាមខេត្តគោលដៅ, តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មន្ដ្រីរាជការ, លោក អ្នកគ្រូ, សិស្សានុសិស្ស, និងប្រជាពលរដ្ឋ សរុបប្រមាណ ៨៦០នាក់។

ជាកិច្ចចាប់ផ្ដើម លោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធី បានបញ្ជាក់ថាកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព មានថវិកាកម្មវិធីសរុបចំនួន ៩៥,១៤លានដុល្លារអាមេរិក ក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ២,១៤លានដុល្លារអាមេរិក និង ហិរញ្ញប្បទានសប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៩៣លានដុល្លារអាមេរិក។

លោកបានបន្តថា ក្នុងនោះក៏មានថវិកាជំនួយឥតសំណងរបស់មូលនិធិជប៉ុន សម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ចំនួន ៣លានដុល្លារអាមេរិក ដែលកម្មវិធីនេះ ត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ នៅក្នុងខេត្តគោលដៅចំនួន៩ រួមមាន៖ ខេត្តបាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, ក្រចេះ, កំពង់ស្ពឺ និងខេត្តកំពត មានភូមិគោលដៅសរុបចំនួន ៤០០ភូមិ និង៥០ឃុំ។

នាឱកាសនោះ លោក យ៉ា សំអុល មន្ត្រីគម្រោងជាន់ខ្ពស់ និងជាប្រធានក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកលើកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាព បានបង្ហាញនូវចំណាប់អារម្មណ៍ទូទៅរបស់លោក និងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដីអំពីស្ថានភាពទូទៅ នៃសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅទូទាំងខេត្តស្ទឹងត្រែង ដោយលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឺងត្រែង។

ក្រោយពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងចំណាប់អារម្មណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរដ៏ស្មោះ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងសមិទ្ធផលនានានាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងនោះការផ្លាស់ប្តូរ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ និងការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាតជួយទ្រទ្រង់សុខភាព ប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ មានសុខភាពល្អ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។

ឯកឧត្តមរដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានជម្រាបជូនអង្គពិធីអំពី ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនគឺ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកប ដោយបរិយាបន្ន និងចីរភាព» តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។

ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ, ឯកឧត្តមរដ្ឋមន្រ្ដី បញ្ជាក់ថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដោយគិតមកដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៩២% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩% និងការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ហើយមានរាជធានី/ខេត្តចំនួន ២១ ដែលសម្រេចបានជារាជធានី/ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ និង កម្រិតធម្មតា (ODF PLUS និង ODF) ដោយក្នុងនោះក៏មានខេត្តស្ទឹងត្រែងយើងនេះផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនាពេលកន្លងមក ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលតែងតែបានផ្តល់ហិរញ្ញប្បទាន រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយវិស័យទឹកស្អាត និងអនាម័យជនបទ ឱ្យទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់៕⁩