ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មីខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពី ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
បន្ទាប់ពីការឡើងប្តេជ្ញាចិត្តរបស់លោក ម៉ូតសុខ មេសា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មីខេត្តឧត្តរមានជ័យ រួចមក ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានចូលរួម អបអរសាទរចំពោះលោក ម៉ូតសុខ មេសា ដែលត្រូវបានថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មី ខេត្តឧត្តរមានជ័យ នាពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងណែនាំដល់លោកប្រធានមន្ទីរការងារថ្មី ដែលទទួលបានការតែងតាំងនាពេលនេះ សូមបន្តចូលរួមបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក៏ដូចជារដ្ឋបាលខេត្តឧត្តរមានជ័យ ពិសេសសហការសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរការងារខេត្ត ដើម្បីឱ្យការងារកាន់តែទទួលបានជោគជ័យ៕