ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “បទដ្ឋានបច្ចេកទេសលើមុខងារនៃវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានក្រុង-ស្រុកជាគោលដៅ”។ អញ្ជើញជាវត្តមានក្នុវពិធីបិទវគ្គបណ្ដុះបណ្ដាលរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, អភិបាលរង នៃគណៈអភិបាលខេត្ត, អគ្គនាយករង, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត ព្រមទាំងសិក្ខាកាមសរុបចំនួន ១០៥រូប។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្តីពីវគ្គបណ្ដុះបណ្ដាលដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន និងចំណាប់អារម្មណ៍លើវគ្គបណ្ដុះបណ្ដាលដោយ លោក សុខ សារិទ្ធ ដែលសិក្ខាកាម និងជាអភិបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ ក្រុមការងារលេខាធិការដ្ឋាន និងភាគីគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (CSADRM2) ដែលបានសហការ និងជួយគាំទ្រដល់ដំណើរការនៃវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេស ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ចែករំលែកនូវបទពិសោធន៍ និងបទដ្ឋានបច្ចេកទេស ជូនដល់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់បន្ថែមថា សមិទ្ធផលដែលយើងទទួលបានរហូតមកដល់បច្ចុប្បន្ន ដោយសារគុណបំណាច់នៃសុខសន្តិភាពដែលកើតចេញពីការលះបង់ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា និងជាមគ្គុទេសក៏ឯកនៃនយោបាយឈ្នះឈ្នះ ព្រមទាំងថ្នាកដឹកនាំជាវិរជនស្នេហាជាតិជាច្រើនរូបទៀត ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយបានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា (ឌីជីថល) ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០” ។ ក្នុងនោះ រាជរដ្ឋាភិបាល កំពុងបន្ដផ្ដោតសំខាន់លើការពង្រឹងកំណែទម្រង់រដ្ឋបាលសាធារណៈ និងសមត្ថភាពស្ថាប័នឱ្យមានភាពធន់ និងមានថាមពលខ្លាំងក្លា ដូចបានបញ្ជាក់នៅក្នុងស្នូលយុទ្ធសាស្ត្របញ្ចកោណ “ការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ” និងបានដាក់ចេញនូវគោលការណ៍កែទម្រង់កាន់តែជាក់លាក់បន្ថែមទៀតគឺ “ការពង្រឹង ៧០% និងពង្រីក ៣០%” ។ ស្របតាមយន្ដការខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ តាមរយៈការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ ការពង្រឹងកិច្ចការរដ្ឋបាល ការគ្រប់គ្រង បុគ្គលិក និងហិរញ្ញវត្ថុ ព្រមទាំងប្រជុំត្រួតពិនិត្យលទ្ធផលការងារជាប្រចាំដោយឈរ លើគោលការណ៍ “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ ” ហើយការធ្វើប្រតិភូកម្មមុខងារវិស័យអភិវឌ្ឍន៍ជនបទជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនាឱកាសនេះ ក៍ជាយន្ដការដើម្បីចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់របស់រាជរដ្ឋាភិបាលផងដែរ។
ដើម្បីជំរុញការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះឱ្យប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ចំនួន ៥ចំណុច ដូចខាងក្រោម៖
ទី១. រាល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពរបស់នាយកដ្ឋានជំនាញពាក់ព័ន្ធនឹងមុខងារដែលបានផ្ទេរទាំង៣ ត្រូវអញ្ជើញតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក ចូលរួមឱ្យបានច្រើនបំផុត
ទី២. ត្រូវបណ្តុះបណ្តាលអំពីនីតិវិធីនៃការអនុវត្តថវិកា ការរៀបចំផែនការថវិកា និងជំនាញបច្ចេកទេសដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ទី៣. លេខាធិការដ្ឋាននៃគណៈកម្មការ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តាមដានលំហូរថវិកាពីក្រសួងអភិវឌ្ឍន៍ជនបទ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជៀសវាងភាពយឺតយ៉ាវក្នុងការអនុវត្តថវិកាប្រចាំឆ្នាំ
ទី៤. ត្រូវរៀបចំកិច្ចប្រជុំប្រចាំត្រីមាស និងធ្វើបច្ចុប្បន្នភាពក្រុមការងារសម្របសម្រួលអន្តរក្រសួងក្នុងការផ្ទេរមុខងារទាំងបីជូនរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើង
ទី៥. ត្រូវពិនិត្យប្រសិទ្ធភាពនៃការអនុវត្តមុខងារដែលបានផ្ទេររួច និងបន្តពិនិត្យមើលមុខងារមួយចំនួនទៀតដែលអាចផ្ទេរទៅជូនរដ្ឋបាលថ្នាក់ក្រោមជាតិ៕