រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំកិច្ចប្រជុំបង្កើនការផ្សព្វផ្សាយយុទ្ធនាការជំរុញទេសចរណ៍ ក្នុងរដូវកាលបៃតង


ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី «ការបង្កើនការផ្សព្វផ្សាយយុទ្ធនាការជំរុញទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៥» នៅទីស្ដីការក្រសួងទេសចរណ៍។

នៅក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម ជុំ កុសលតំណាងឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក លោកស្រី ថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ ពិធីករ ពិធីការនី អ្នកសារព័ត៌មាន និងអ្នកផលិតមាតិការ ជាច្រើនរូបប្រមាណ ១២៣នាក់ ក្នុងគោលបំណងជំរុញកិច្ចសហការលើ ជាមួយក្រសួងទេសចរណ៍ ចែករំលែក និងផ្ដល់មតិយោបល់ លើវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។

ថ្លែងទៅកាន់អង្គពិធីទាំងមូល រដ្ឋមន្រ្តី ហួត ហាក់ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ អ្នកចូលរួមក្នុងកិច្ចប្រជុំទាំងអស់ ដែលបានមានវត្តមាននៅទីនេះ។ ជាពិសេស អ្នកដែលបានចូលរួមផលិតវីដេអូ ក៏ដូចជាចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ កន្លងមក។

រដ្ឋមន្រ្តី ហួត ហាក់ បានលើកឡើងថា ក្រោមការចូលរួមពី ស្ថាប័នរដ្ឋ ស្ថាប័នឯកជន អ្នកសារព័ត៌មាន និងអ្នកដែលមានឥទ្ធិពលនៅក្នុងបណ្ដាញសង្គមទាំងអស់ ទើបក្រសួងទេសចរណ៍ អាចដំណើរការទៅបានយ៉ាងរលូន។ ជាមួយគ្នានេះ លោក ហួត ហាក់ គ្រោងនឹងរៀបចំកិច្ចប្រជុំនេះយ៉ាងតិច ២ដងក្នុងមួយឆ្នាំ ដើម្បីទទួលបានការចែករំលែក មតិយោបល់ថ្មីៗ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម ហួត ហាក់ បានស្នើដល់ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់រួមគ្នាផ្សព្វផ្សាយនូវយុទ្ធនាការក្នុងរដូវកាលបៃតង (Green Season)ឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តទេសភាពបែបធម្មជាតិដ៏ខៀវស្រងាត់ នារដូវកាលនេះ។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់, ក្រៅពីការផ្សព្វផ្សាយពីកម្ពុជាទៅកាន់អន្តរជាតិ ក្រសួងទេសចរណ៍កម្ពុជា គ្រោងនឹងអញ្ជើញអ្នកដែលមានឥទ្ធិពលនៅតាមបណ្ដាញសង្គមនៅក្រៅប្រទេស ដើម្បីមកផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាឲ្យកាន់បានទូលំទូលាយបន្ថែមទៀត ក្នុងនោះរួមមាន MrBeast (American YouTuber and media personality) ដែលមាន subscriber ច្រើនបំផុតក្នុង YouTube, Angelina Jolie (American actress and filmmaker) និងអ្នកល្បីៗលំដាប់អន្តរជាតិជាច្រើនរូបទៀត។

លើសពីនេះ ឯកឧត្តម ហួត ហាក់ បានបង្ហាញការពេញចិត្ត ដោយបានសំណេះសំណាលជាមួយពិធីករ ពិធីការិនី ដែលបានស្តាប់ពី គំនិតថ្មីៗ, បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងផ្តល់កិច្ចសហការក្នុងការចូលរួមយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ស្របតាមទិសស្លោក «ទាំងអស់គ្នា ដើម្បីទេសចរណ៍, ទេសចរណ៍ ដើម្បីទាំងអស់គ្នា»«ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់»

សូមជម្រាបថា ក្រសួងទេសចរណ៍ បានដាក់ចេញនូវសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការចំនួន៦ ដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖

*ទី១៖ កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន
*ទី២៖ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាលរាជធានី-ខេត្ត
*ទី៣៖ កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក
*ទី៤៖ កិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/ស្ថានឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជានៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក
*ទី៥៖ កិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន
*ទី៦៖ ការចូលរួមពីបុគ្គលម្នាក់ៗ ដែលជាកោសិកាទ្រទ្រង់ និងទទួលផលប្រយោជន៍ពីវិស័យទេសចរណ៍៕