(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់ពីសមិទ្ធផលធំៗជាច្រើន ដែលបានធ្វើជូនប្រជាពលរដ្ឋ នៅក្នុងខេត្តរបស់ឯកឧត្តម ជាពិសេសផ្លូវខ្វាត់ខ្វែងសម្រាប់ធ្វើដំណើរ ដែលទាំងនេះបានកើតមានឡើង ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ដូច្នេះត្រូវចូលរួមការពារថែរក្សាតម្លៃនៃសុខសន្តិភាពកម្ពុជា ឲ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងបែបនេះ នៅបរិវេណវត្តមុនីសោភ័ណ ហៅវត្តសំរោងយា ស្ថិតក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខបងប្រជាពលរដ្ឋមកពី២ឃុំ/សង្កាត់ ចំនួន៥០០នាក់ គឺភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ចំនួន១០០នាក់ និងភូមិដូនអី ភូមិក្តីខ្វាវ ភូមិអូររកា សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ចំនួន៤០០នាក់ ដោយបានការចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ លោកស្រី ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត លោក ម៉ៅ វ៉ាន និងលោកស្រី ឃៀក ប៊ុនធី អាជីវករត្បូងពេជ្រប៉ៃលិនផ្សារថ្មីពោធិ៍សាត់ មន្ទីរអង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមការងារ អាជ្ញាធរស្រុក/ក្រុង ឃុំ/សង្កាត់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា «ខេត្តពោធិ៍សាត់យើងសព្វថ្ងៃពិតជាមានភ័ព្វសំណាងណាស់ ដែលទទួលបានសមិទ្ធផលធំៗជាច្រើនដូចជា៖ ទំនប់ទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ ដែលមានលទ្ធភាពស្តុកទឹកសម្រាប់ស្រោចស្រព និងប្រើប្រាស់បានជាង៥០លានម៉ែត្រគូប, ទទួលបានទំនប់ និងប្រឡាយទឹកជាង៧០ខ្សែ, ផ្លូវលំជនបទក្រាលកៅស៊ូ១០ខ្សែ ប្រវែង១២៥,៥គីឡូម៉ែត្រ ហើយលើសពីនេះទៅទៀតផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ ដែលមកដល់ពេលនេះស្ថាបនាបានស្ទើរ១០០% និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នេះដោយសារប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់ និងការលើកលែង លើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដល់អ្នកជាប់សាច់ញាតិបង្កើត និងតម្លៃសេវាផ្សេងទៀត ដែលទទួលបានការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។ ឯកឧត្តមបានសុំឲ្យប្រជាពលរដ្ឋទាំងអស់ ទទួលរូបលោកជាសមាជិកថ្មីម្នាក់ទៀត ទោះជាកូន ជាឪពុក ជាបង ឬជាប្អូនក្ដី ដើម្បីរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងរួមគ្នាដោះស្រាយការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬក្នុងករណីដែលមានភាពអយុត្តិធម៌ណាមួយកើតឡើង។