ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណ ចំពោះធនាគារពិភពលោក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រុមការងារគម្រោងក្នុងការអនុវត្តគម្រោងកែលម្អ ការអប់រំ ចំណេះទូទៅនេះ។
ជាពិសេស សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈមហាវិទ្យាល័យអប់រំ ដែលបានបណ្តុះបណ្តាលគរុនិស្សិតជាគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគុណភាព សមត្ថភាព ដោយសម្រេចបាននូវលទ្ធផលល្អប្រសើរស្របតាម ផែនការគម្រោង។
ឯកឧត្តមបន្តថា អ្នកទាំងអស់គ្នានៅទីនេះក្រោយពីបាន ឆ្លងកាត់ការបណ្តុះបណ្តាល ដែលផ្អែកលើសមិទ្ធកម្មនេះ គឺជាសមិទ្ធផលបន្ថែមទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាផ្នែកមួយដើម្បីឈានទៅសម្រេចចក្ខុវិស័យ ប្រកបដោយមហិច្ឆិតាខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធានធានមនុស្សដែលនាំកម្ពុជា ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជូនជ័យលាភីកម្មវិធីលើកកម្ពស់គុណ វុឌ្ឍគ្រូបង្រៀន និងកម្មវិធីវិញ្ញាបនបត្រអប់រំកុមារតូច៤ក្រេឌីត ជំនាន់ទី១ នៅអគារដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិតសង្ឃឹមថា ជាមួយនិងការអនុវត្តកិច្ចការសម្រេចស្តង់ដា សាលារៀន គំរូរបស់លោក លោកស្រី លោក លោកស្រីនឹងមិនភ្លេចផងដែរក្នុងការចូលរួមសម្គាល់ទេពកោសល្យ របស់សិស្សានុ សិស្សយើងក្នុងការចង្អុលបង្ហាញគេឱ្យដឹង និងបានត្រៀមខ្លួនចូលគន្លងសិក្សាដែល ត្រឹមត្រូវ តាមឧបនិស្ស័យ និង ទេពកោសល្យរបស់គេ។
មានប្រសាសន៍នៅក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមលើកទឹកចិត្តឱ្យអ្នកសិក្សាទាំងអស់ ខិតខំបន្តការអប់រំពេញមួយជីវិត ដើម្បីបង្រៀនសិស្សានុសិស្សយើង ឱ្យទទួលផលពីការខំប្រឹងប្រែងនេះ ជាសិស្សដែលមានគុណភាពចំណេះដឹង និងចំណេះធ្វើ។
លោកបានបង្ហាញការជឿជាក់ថា អ្វីដែលលោក លោកស្រី បានសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងក្របខណ្ឌគម្រោងកែលម្អការអប់រំចំណេះ ទូទៅនេះ ជាទុនដ៏សំខាន់សម្រាប់កែប្រែលទ្ធផលសិក្សា និងសាលារៀនរបស់លោក លោកស្រីឱ្យបានសម្រេចស្តង់ដារ សាលាគំរូ និងអាចប្រកួតប្រជែង បានជាមួយសិស្សានុសិស្សនានា ក្នុងតំបន់និងក្នុងពិភពលោក។
គួរបញ្ជាក់ថា ក្នុងក្របខណ្ឌគម្រោងកែលម្អការអប់រំចំណេះទូទៅ មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាល គណៈគ្រប់គ្រង សាលារៀន និងគ្រូបង្រៀន និងគាំទ្រសាលារៀនកម្រិតមត្តេយ្យសិក្សា ចំនួន ២១៣ បឋមសិក្សាចំនួន ១០០០ និង កម្រិតមធ្យមសិក្សាចំនួន ៤៣៥ សាលា។ អ្នកសិក្សាដែលជាគណៈ គ្រប់គ្រងសាលារៀន និងគ្រូបង្រៀនបាន បំពេញគ្រប់លក្ខខណ្ឌបញ្ចប់ការសិក្សា វិញ្ញាបនបត្រអប់រំកុមារ តូចចំនួន ៣៩៦ នាក់ (ស្រី ៣៥៤នាក់) វិញ្ញាបនបត្របឋមសិក្សាចំនួន ១,៨៦៧ នាក់ (ស្រី ៥១៧នាក់) និងបរិញ្ញាបត្រអប់រំវិជ្ជាជីវៈគ្រូ បង្រៀនចំនួន ២,១២៦ នាក់ (ស្រី ១០៩៧)៕