សម្តេចតេជោ ហ៊ុន សែន៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ក៏មានក្នុងសម័យសង្គមរាស្រ្តនិយម និងបណ្តាប្រទេសជាច្រើនលើសកលលោក


នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញឯកសារចំនួន២ ពាក់ព័ន្ធច្បាប់ដកហូតសញ្ជាតិ ពលរដ្ឋខ្មែរនៅក្នុងសម័យសង្គមរាស្រ្តនិយម ហើយបន្ថែមថា មិនមែនមានតែកម្ពុជានោះទេ បណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ១៥០ប្រទេស មានច្បាប់ដកសញ្ជាតិ មិនមែនមានតែខ្មែរនោះទេ។

ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន បង្ហាញនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច៖

ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម។
ខ្ញុំទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។

ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖

ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨
ទី២៖ ក្រមរដ្ឋប្បវេណី មាត្រា២៥-ស្នួន (ដកស្រង់ចេញពីព្រះរាជក្រមលេខ ៣៩៧ ន.ស.២៦-១០-៥៩) ឆ្នាំ១៩៦៧។

លើសពីនេះមិនមែនមានតែប្រទេសកម្ពុជាយើងនោះទេ យោងតាមព័ត៌មានបណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ១៥០ប្រទេស មានច្បាប់ដកសញ្ជាតិ មិនមែនមានតែខ្មែរនោះទេ ក្នុងនោះប្រទេសនិមួយៗអាចដកសញ្ជាតិពលរដ្ឋខ្លួន ដោយផ្អែកលើហេតុផល៖ បំផ្លាញផលប្រយោជនជាតិ, ភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។

ព្រះរាជក្រម ឆ្នាំ១៩៦៨ ច្បាប់ស្តីពីការបាត់សញ្ញាតិខ្មែរ ក្នុងមាត្រាមួយ បានចែងថា «អាចបាត់សញ្ញាតិខ្មែរ ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធស្សនា ក្បត់ជាតិឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។

ក្រមរដ្ឋប្បវេណី ឆ្នាំ១៩៦៧ មាត្រា២៥ ស្ទួន (ចំណុច៣) បានថែងថា «ជនជាតិខ្មែរដែលនៅបរទេស ហើយប្រកែកមិនព្រមចូលមក ធ្វើទាហានក្នុងកងទ័ពខ្មែរ, ទាហានខ្មែរ ដែលរត់ទៅបរទេស, ទោះបីក្នុងពេលមានសន្តិភាពក៏ដោយ និងជនជាតិខ្មែរ, ក្រោយដែលបានប្រព្រឹត្តបទប្រទុស្សរ៉ាយ នឹងសេចក្តីសុខសាន្ត ក្នុងព្រះនរគ និងក្រៅព្រះនគរហើយ រត់ទៅជ្រកនឹងបរទេសដើម្បីនឹងបន្តសកម្មភាព វិទ្ធស្សនាតទៅទៀត (ដូចក្នុងឯកសារ)»៕