ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំក្រុមការងារអនុវត្តគម្រោងចុះពិនិត្យវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ


ខេត្តបាត់ដំបង៖ ថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអនុវត្តគម្រោង និងទីប្រឹក្សាបច្ចេកទេស ចុះត្រួតពិនិត្យវឌ្ឍនភាពអនុវត្តការងារគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការចុះពិនិត្យការងារពេលនេះសំខាន់គឺផ្តោតលើបទដ្ឋានបច្ចេកទេសស្របតាមនិយាមរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្រមទាំងណែនាំដល់ក្រុមហ៊ុនសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់គោរពតាមបទដ្ឋានបច្ចេកទេស និយាមស្តង់ដានិងពេលវេលាឱ្យបានខ្ជាប់ខ្ជួន៕