ពិធីប្រកាសផ្ទេរភារកិច្ចនិងចូលកាន់មុខតំណែងអភិបាលស្រុកបា្រសាទបាគង


លោក ម៉ក់ សំភារ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថាក់លេខ៣ អភិបាលនៃគណៈអភិបាលស្រុកស្រីស្នំ ត្រូវបាន​រាជរដ្ឋាភិបាល​ ផ្ទេរភារកិច្ចមកកាន់តំណែងជា​អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង ជំនួស​លោក ភូ សំអាត ​ដែល​ត្រូវបានផ្ទេរភារកិច្ចទៅកាន់ជាអភិបាលស្រុកវ៉ារិន ​ត្រូវបាន​ប្រកាស​កាលពីព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៧នេះ នៅសាលាស្រុកប្រាសាទបាគង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអភិបាលស្រុករួចមក លោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្សស្តីទី នៃរដ្ឋបាលសាលាខេត្តសៀមរាប បានអាននូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការតែងតាំងលោក ម៉ក់ សំភារ ជាអភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បន្ទាប់ពីគណៈអធិបតីប្រគល់​អនុក្រឹត្យ​ ​ និង ការ​ប្តេជ្ញា​ចិត្តរបស់លោកអភិបាលស្រុកដែលទើបទទួលភារកិច្ចថ្មីរួចមក មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងស្រុកប្រាសាទបាគង ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏លើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប​ ដែលបានបម្រើការងារហើយបានគ្រប់អាយុ ​សំខាន់ក្នុងជួរគណៈ អភិបាល ត្រូវមានអាណត្តិកំណត់ និង ចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកប្រាសាទបាគងនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ ។ ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា ការចូលកាន់មុខតំណែង និង ផ្ទេរភារកិច្ចនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់ តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំខាន់គឺច្រកចេញចូលតែមួយ ។ ម៉្យាងទៀតការផ្ទេរភារកិច្ចអភិបាលស្រុកនេះ គឺ ដើមី្បបន្តអនុវត្ត តួនាទីភារកិច្ច ជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងខេត្ត លើការថែរក្សាសន្តិសុខ ស្ថេរភាពនយោបាយ ស្ថេរភាព សង្គម សណ្តាប់ធ្នាប់សាធារណៈ និង ការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ។ ដើម្បីបញ្ជាក់ជា​សក្ខីភាព​ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត​របស់​ថ្នាក់ដឹកនាំ​ក្រសួង គណៈអភិបាលខេត្ត ដែល​បានផ្តល់​នូវ​ជំនឿ​ទុកចិត្ត ចំពោះលោកអភិបាលស្រុកដែលមកទទួលភារកិច្ចស្រុកថ្មី ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ ត្រូវខិតខំ​បំពេញការងារ​ទ្វេ​ដង ដោយ​ស្មារតី​យកចិត្តទុកដាក់ នឹងមាន​ការទទួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង ​ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការងារ​ជូនតម្រូវការរបស់ប្រជាជន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ។ ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ចូលរួម អនុវត្ត​កម្មវិធី​នយោបាយ និង​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋាភិបាល និង ​គោលនយោបាយ​ចាត់តាំង នឹង​ដឹកនាំរបស់​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាលខេត្ត និង រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ​ជួរ​គណៈ​អភិបាល ក្រុម​ប្រឹក្សា និង​ មន្ត្រី​ក្រោមឱវាទ​ រដ្ឋបាលសាលាស្រុក ​ដោយ​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍​គ្រឹះទាំង​៤​សម្រាប់​មន្ត្រី​មុខងារសាធារណៈ​ គឺ ឆន្ទៈ​​​ ម្ចាស់ការ ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង ​វប្បធម៌​សេវាសាធារណៈ ក្នុងការចូលរួម​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយបណ្តា​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ ខេត្ត ក្រុង​សម្ព័ន្ធ​មេត្រីភាព អង្គការ​សង្គម​ស៊ីវិល ក៏ដូចជាវិស័យ​ឯកជន ដើម្បី​វឌ្ឍនៈភាព និង​ ការអភិវឌ្ឍន៍​ស្រុករបស់ខ្លួន ឲ្យ​កាន់តែ​មានសោភណ្ឌស្រស់បម្រោង និង រីកចម្រើន​ថែមទៀត និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍និងប្រជាជន ដោយខេត្តសៀមរាបជាតំបន់គោលដៅ ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ម៉្យាងទៀតស្រុកប្រាសាទបាគង ក៏ជាតំបន់រមណីដ្ឋានវប្បធម៌ ដែលបានទាក់ ទាញភ្ញៀវជាតិ អន្តរជាតិផងដែរ ៕