ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា


កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន ៣៣នាក់ ដើម្បីផ្តល់ជូនអនុសាសន៍ល្អៗ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម មុនពេលពួកគេចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨ កម្ពុជាបានស្តារ និងកសាងសេដ្ឋកិច្ច ព្រមទាំងនាំមកនូវសុខសន្តិភាព និងសេ្ថរភាពនយោបាយជូនជាតិ បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៧% ក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ។ ធនាគារពិភពលោកបានចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតទី៦ ក្នុងពិភពលោក ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ី នៅឆ្នាំ២០១៦ បានប្រសិទ្ធិនាមកម្ពុជាជាខ្លាថ្មីរបស់អាស៊ី។ ដោយសារការរីកចម្រើនផ្នែកសេដ្ឋកិច្ច បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវកិត្តិស័ព្ទ និងកិត្យានុភាពលើឆាកអន្តរជាតិ ហើយត្រូវបានជ្រើសរើសឲ្យក្លាយជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងឆ្នាំ២០១៧។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងធ្វើកិច្ចការមួយចំនួនដូចជា ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) និងចរចាក្រោមក្របខ័ណ្ឌ WTO ដើម្បីទាញយកផលប្រយោជន៍ និងដករបាំងពាណិជ្ជកម្មសម្រាប់ផលិតផលពីកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជាបានបង្កើតឲ្យមាននូវស្ថានតំណាងពាណិជ្ជកម្មនៅក្រៅប្រទេស, រៀបចំពិព័រណ៍ព្រឹត្តិការណ៍ពាណិជ្ជកម្ម និងការផ្គូផ្គងដៃគូពាណិជ្ជកម្ម និងជួយសម្របសម្រួលការចងក្រងសមាគមម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ និងដំឡូងមី ព្រមទាំងបានជំរុញឲ្យមានការការពារម៉ាកសម្គាល់ភូមិសាស្ត្រដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងផលិតផលសូត្រភ្នំស្រុក ជាដើម។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានដាក់ចេញគោលនយោបាយកំណែទម្រង់សំខាន់ៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជាដូចជា៖ ការដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) ស្វ័យប្រវត្តិកម្មចុះបញ្ជីក្រុមហ៊ុន និងស្វ័យប្រវត្តិកម្មចុះបញ្ជីម៉ាក ព្រមទាំងប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិក។ល។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មបានចូលរួមចំណែក ក្នុងការរក្សាសេ្ថរភាពថ្លៃទំនិញនៅលើទីផ្សារ បន្តធ្វើកិច្ចអន្តរាគមន៍លើទីផ្សារ ជាពិសេសចំពោះបណ្តាមុខទំនិញសំខាន់ៗ ដូចជា ស្រូវ អង្ករ ប្រេងឥន្ធនៈ អគ្គិសនី ទឹក និងបណ្តាមុខទំនិញផ្សេងៗទៀត ដែលជាតម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រតិភូយុវជន ត្រូវចេះធ្វើការផ្សព្វផ្សាយអំពីសក្កានុពលនៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិ ព្រមទាំងស្ថានភាពពិតរបស់កម្ពុជា និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសវិស័យពាណិជ្ជកម្ម។ លើសពីនេះ ប្រតិភូយុវជន ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ សមជាយុវជនតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយយុវជនជប៉ុន និងយុវជនមកពីបណ្តាប្រទេសអាស៊ាន សំដៅលើកស្ទួយកិត្តិនាមប្រទេសជាតិយើង ឲ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។