ក្រុមហ៊ុនជប៉ុន MITSUI ស្វែងរកឱកាសវិនិយោគនៅកម្ពុជា


រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុន MITSUI បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសក្នុងវិស័យទឹកស្អាតនិងយានយន្តអគ្គិសនី។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានគូសរំលេចបរិយាកាសវិនិយោគបើកចំហ ស្ថិរភាពនយោបាយនៅកម្ពុជា និងការបើកឱកាសទីផ្សារថ្មីៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់ឯកឧត្តមបានជម្រាបជូនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យឯកជន ដោយលើកឡើងជាឧទាហរណ៍នូវគំនិតផ្តួចផ្តើមមួយចំនួន ដូចជាមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលអាចជួយក្រុមហ៊ុនឱ្យអភិវឌ្ឍសមត្ថភាព និងជំនាញបុគ្គលិករបស់ខ្លួន

ឯកឧត្តមបានលើកឡើងថា នៅក្នុងវិស័យទឹកស្អាត កម្ពុជាត្រូវការក្រុមហ៊ុនដែលមានចក្ខុវិស័យរយៈពេលវែង ដើម្បីវិនិយោគលើប្រតិបត្តិការខ្នាតធំ។ ខណៈដែលការវិនិយោគក្នុងវិស័យនេះអាចត្រូវការរយៈពេលយូរដើម្បីទទួលបានប្រាក់ចំណេញ នេះជាការវិនិយោគដែលមានស្ថេរភាព និងសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជានឹងជួយក្រុមហ៊ុនទាក់ទងនឹងប្រភពទឹក និងផ្តល់ការគាំទ្រផ្នែកច្បាប់ និងបទបញ្ញត្តិនានា

គណៈប្រតិភូបានកោតសរសើរចំពោះកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងបានស្វែងយល់អំពីអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីបន្ស៊ីជាមួយយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន ក្រុមហ៊ុន MITSUIមានប្រតិបត្តិការអាជីវកម្មនៅទូទាំងពិភពលោក ដែលរួមមានគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសថៃ ហ្វីលីពីន និងម៉ិកស៊ិកូ។ គណៈប្រតិភូក៏បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យយានយន្តអគ្គិសនីជាពិសេសរ៉ឺម៉កកង់បី និងទោចក្រក្រយានយន្តអគ្គិសនី

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន និងបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តដល់ការវិនិយោគលើវិស័យយានយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ រួមទាំងស្ថានីយ៍សាកថ្ម។

ក្រុមហ៊ុន MITSUI ក៏បានជម្រាបជូនអំពីប្រតិបត្តិការអាជីវកម្មយានយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយលើកឡើងថាអាចជាគំរូសក្តានុពលសម្រាប់ការវិនយោគនៅកម្ពុជានាពេលអនាគត៕