គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចេញលិខិតចូលរួមមរណទុក្ខ ជូនលោកឧត្តមសេនីយ៍ឯក ដួង សំនៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាមេបញ្ជាការកងពលតូច អន្តរាគមន៍លេខ ៧ កងពលធំអន្តរាគមន៍លេខ ៣ កងទ័ពជើងគោក ដែលបានពលី ក្នុងការវាយបកប្រឆាំងទាហានថៃឈ្លានពាន។
ក្នុងលិខិតចូលរួមមរណទុក្ខ ពានសរសេរយ៉ាងដូច្នេះថា «គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវទុក្ខក្រៀមក្រំ ប្រកបដោយក្តី ក្ដុកក្ដួលបំផុតដោយ លោកឧត្តមសេនីយ៍ឯក ដួង សំនៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាមេបញ្ជាការកងពលតូច អន្តរាគមន៍លេខ ៧ កងពលធំអន្តរាគមន៍លេខ ៣ កងទ័ពជើងគោក ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង១៣៖១០នាទីរសៀល ក្នុងជន្មាយុ៦៧ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុ ប្រយុទ្ធការពារពីការឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យ និងបូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ ស្នាដៃ និងគុណបំណាច់របស់លោកឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលធ្លាប់បានធ្វើពលិកម្ម គ្រប់បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា រហូតបានពលីជីវិតនៅក្នុង សមរភូមិប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលប្រវត្តិសាស្ត្រកម្ពុជាត្រូវចារទុកជារៀងរហូតទៅ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោក សង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ ឯក ដួង សំនៀង បានទៅកាន់សុគតិភពកុំបីខានឡើយ»៕