នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅវេលាម៉ោង៨៖១៥នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យន្តហោះចម្បាំងថៃ បាញ់រុក្កែត F-16 នៅលើប្រាសាទតាក្របី និងបង្កើនចំនួនកងទ័ព ព្រមទាំងសព្វាវុធធុនធ្ងន់កាន់ច្រើនឡើងវាយប្រហារ ឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា នៅដល់ពេលនេះកងទ័ពសៀម បានបង្កើនចំនួនកងទ័ព និងដាក់ពង្រាយសព្វាវុធធុនធ្ងន់កាន់តែច្រើនឡើង ដើម្បីវាយសង្ក្រប់យកទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ចំណុចនេះ គឺជាការបំពានដោយមិនញញើតចំពោះធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា សកម្មភាពដោយគ្មានទំនួលខុសត្រូវ និងខុសច្បាប់របស់កងទ័ពឈ្លានពានសៀម បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព ស្ថិរភាពក្នុងតំបន់នោះទេ ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ចំពោះស្ថានភាពនៅសមរភូមិយោធភូមិភាគទី៤ ភាគីថៃ បានបើកការវាយប្រហារមកលើកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ រួមមាន៖
*នៅវេលា៣៖១០នាទីព្រឹក ថៃបាញ់កាំភ្លើងធំចូលទីតាំងប្រាសាទតាមាន់ធំ និងតាក្របី
*នៅវេលា៥៖៣០នាទី កម្លាំងថ្មើរជើងចូលប្រាសាទតាក្របី ដោយរួមមានទាំងកាំភ្លើងត្បាល់ និងកាំភ្លើងធំគាំទ្រ
*នៅម៉ោង៥៖៥០នាទីកម្លាំងថ្មើរជើងដកថយទៅវិញ ហើយកម្លាំងកាំភ្លើងធំនៅតែបន្តបាញ់ផ្លោង
*នៅវេលា៨៖១៥នាទី យន្តហោះចម្បាំងថៃ បាញ់រុក្កែត F-16 នៅលើតំបន់ប្រាសាទតាក្របី
*នៅវេលា១០៖២៥នាទី ភាគីថៃ បានប្រើកម្លាំងថ្មើរជើងវាយនៅថ្មដូន គាំទ្រដោយកាំភ្លើងធំ ហើយមកដល់ម៉ោងនេះ ភាគីថៃ នៅតែបន្តវាយយ៉ាងសន្ធរសន្ធៅ និងកម្រោលនៅឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា ឆ្លើយតបនឹងការវាយប្រហារពីសំណាក់កងទ័ពឈ្លានពាន កងទ័ពកម្ពុជា នៅតែបន្តឈរជើងយ៉ាងរឹងមាំ និងមានភាពអង់អាចក្លាហាន តស៊ូយ៉ាងស្វាតស្វាញ ដើម្បីការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ។
ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា នៅសមរភូមិយោធភូមិភាគទី៥ ភាគីថៃ មានការផ្លាស់ប្តូរមេទ័ពមួយចំនួន។ ចំពោះសភាពការណ៍នៅព្រំដែនសមុទ្រ គឺមិនមានការប្រែប្រួលនៅឡើយនោះទេ៕