នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោក ឃុន សាម៉េង នាយកនាយដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃក្រសួងការពារជាតិ ដែលបានពលីក្នុងជម្លោះប្រដាប់អាវុធពីការឈ្លានពានថៃ កាលពីថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅមូលដ្ឋានសមរភូមិមុខទិសប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។ ដែលពិធីបុណ្យសពប្រារព្ធធ្វើឡើងនៅ វត្តនិរោធរង្សី រាជធានីភ្នពេញ។
នាឱកាសនោះ លោកនាយកបាននាំយកនូវសាលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា «ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ក្នុងនាមខ្ញុំផ្ទាល់ និងសហការីទាំងអស់ នៃកាកបាទក្រហម កម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពនៅលើសមរភូមិប្រយុទ្ធព្រះវិហារ របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង កាលពីថ្ងៃសៅរ៍ទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ ខ្ញុំ និងសហការីទាំងអស់ សូមសម្តែងនូវក្តីសោកស្តាយ ស្រណោះអាឡោះ អាល័យពន់ពេកជាមួយនឹងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរព ស្រឡាញ់ស្មើរជីវិត ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃថ្លៃថ្លា។ មរណភាពក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និងអធិបតេយ្យជាតិ របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ គឺជាការបាត់បង់ឥស្សរជនដ៏អង់អាច ក្លាហាន នៃកងយោធពលខេមរភូមិន្ទ មោះមុតក្នុងសមរភូមិប្រយុទ្ធ ស៊ូប្តូរជីវិត តាមពាក្យស្លោក ជីវិតជូនជាតិ មាតុភូមិ អដ្ឋិធាតុជូនប្រពន្ធ កូន និងក្រុមគ្រួសារ។
ក្នុងសមានទុក្ខដ៏ក្ដុកក្ដួលបំផុតនេះ ខ្ញុំ និងសហការីទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕