អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃត្រង់នេះ បានបង្ហាញលទ្ធផល ជំនួបរវាងយោធភូមិភាគទី១ថៃ និងភូមិភាគ៥កម្ពុជា នៅចំណុចក្បាលស្ពាន។
លោកជំទាវបានឲ្យដឹងថា ភាគីទាំងពីរ បានសួរសុខទុកគ្នា ព្រមព្រៀងគ្នាគោរពបទឈប់បាញ់ ឈប់បង្កើនទ័ព ចៀសវាងប្រឈមមុខគ្នាបង្កើនភាពតានតឹង ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ប្រសិនមានបញ្ហាអ្វីផ្សេងក្រៅពីនេះ ត្រូវសុំយោបល់ថ្នាក់លើ។
សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
ក្រោយកិច្ច ប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា- ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានព្រមព្រៀងលើបទឈប់បាញ់ដោយសម្រេច ៣ចំណុចដូចតទៅ៖
១៖ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។
២៖ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង០៧៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ។
៣៖ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ៕