អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ទាត់ចោលសម្ដីប្រឌិតរបស់អ្នកនាំពាក្យជើងគោកថៃថា កម្ពុជាមិនគោរពបទឈប់បាញ់, កម្ពុជាអនុវត្តយ៉ាងម៉ឺងមាត់បទឈប់បាញ់តាំងពីម៉ោង១២យប់ មកទល់ពេលនេះ


អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញមកទាត់ចោលសម្ដីរបស់អ្នកនាំពាក្យជើងគោកថៃ បានដែលចោទប្រកាន់ថា កម្ពុជាមិនគោរពបទឈប់បាញ់ ដែលធ្វើឲ្យការប្រយុទ្ធគ្នានៅបន្ដមានតាមសមរភូមិលើបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

តាមរយៈសន្និសីទសារព័ត៌មាន នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងយ៉ាងច្បាស់ៗថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បាននិងកំពុងគោរពនូវបទឈប់បាញ់យ៉ាងម៉ឺងមាត់បំផុត តាំងពីយប់រំលងអធ្រាត្រមកម្ល៉េះ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ សូមធ្វើការច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើកគោកថៃ ដែលលើកឡើងថា មានការប្រយុទ្ធគ្នាបានកើតឡើង និងមិនគោរពបទឈប់បាញ់។ ចំណុចនេះនាងខ្ញុំសូមបញ្ជាក់យ៉ាងមុតមាំថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បាននិងកំពុងយ៉ាងម៉ឺងមាត់នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ចាប់តាំងពីម៉ោង២៤៖០០នាទី ម៉ោងក្នុងតំបន់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥»

សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

៥ថ្ងៃក្រោយ បន្ទាប់ពីជំនួបនៅប្រទេសម៉ាឡេស៊ី ប្រមុខដឹកនាំកម្ពុជា និងថៃ បានយល់ព្រមដាក់ចេញបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយអនុវត្តចាប់ពីកណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ជំនួបនេះ ត្រូវបានផ្តួចផ្តើមគំនិតសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន លោក Anwar Ibrahim និងលោកប្រធានាធិបតី Donald Trump ខណៈរដ្ឋាភិបាលចិន បានគាំទ្រលើកទឹកចិត្ត និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕